ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្សទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។
នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ កាលពីនៅថ្ងៃទី១៣ សីហា លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាការងារជាមួយវិចិត្រករជប៉ុនដែលមានគំនិតកែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្ររើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍មានតម្លៃនៅខេត្តអូគីណាវ៉ា។ លោក ហេង រតនាបាន បញ្ជាក់ជូនវិចិត្រករជប៉ុនថា កន្លងមកអង្គភាពស៊ីម៉ាក់ក៏ធ្លាប់ត្រូវបានស្នើសុំសហការឱ្យជួយសាកល្បងយកជ័រសំបកគ្រាប់មីនសម្លាប់មនុស្សទៅកែច្នៃផលិតជាវត្ថុអនុស្សាររីយ៍ផងដែរ។
អង្គភាពស៊ីម៉ាក់ក៏មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្សទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។
ជាការឆ្លើយតប ក្រុមការងារវិចិត្រករជប៉ុនបានឯកភាពជួយផ្តល់ការហ្វឹកហ្វឺនដល់ជំនាញខែ្មរទៅរៀននៅអូគីណាវ៉ា និងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយខែ្មរម្ចាស់ការផលិតដោយខ្លួនឯង។ តាមរយៈផែនការនេះអង្គភាពស៊ីម៉ាក់មានផែនការយកជនពិការដោយសារមីនបម្រើការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះ និងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕