ចិន៖ ប្រទេសចិនបានរៀបចំគោលការណ៍ថ្មីដោយបានដាក់ដំណើរការដ្រូនបង្ហោះនិងតាមដានសកម្មភាពដំរីដែលជិតផុតពូជជាច្រើនប្រភេទនៅក្នុងខេត្តយូណាន ដ្រូនជាច្រើនត្រូវបានចិនធ្វើការបង្ហោះដើម្បីពិនិត្យមើលសកម្មភាពដំរី ជាពិសេសដើម្បីការពារសុវត្ថិភាពសត្វដំរីពីការប្រមាញ់ និងតាមសម្លាប់ពីក្រុមអ្នកប្រមាញ់ផ្សេងៗ។ រូបភាពពីលើអាកាសកំពុងបង្ហាញសកម្មភាពដំរីជាច្រើនក្បាលកំពុងតែស៊ីចំណី និងធ្វើដំណើរតាមព្រៃដ៏ធំក្នុងខេត្តយូណានៃប្រទេសចិន។
យោងតាមទិន្នន័យចេញផ្សាយដោយការិយាល័យព្រៃឈើ នៅខេត្តយូណាន បានឲ្យដឹងថា ចំនួនសត្វដំរីព្រៃនៅខេត្តយូណានភាគនិរតីនៃប្រទេសចិន បានកើនឡើងដល់ជាង ៣០០ ក្បាល ដែលចំនួននេះនៅតែមានការកើនឡើងខ្លាំងបន្ទាប់ពីប្រទេសចិនយកចិត្តទុកដាក់ក្នុងការថែទាំសត្វដំរីតាមរយៈការប្រើដ្រូនតាមដានសកម្មភាពរបស់វា។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដំរីព្រៃក្នុងខេត្តយូណានបានបង្ហាញពីការកើនឡើងទ្វេដង។ ការកើនឡើងនៃចំនួនសត្វដំរីនេះបានឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារដំរីរបស់អាជ្ញាធរចិន។
លោក Li Peng ប្រធានផ្នែកអភិរក្សសត្វព្រៃ បាននិយាយថា សត្វដំរីព្រៃ ភាគច្រើនត្រូវបានមនុស្សប្រមាញ់យកសាច់ និងផ្លុកធ្វើរបស់របរផ្សេងៗ ដូចសារតែចំនួនដំរីមានការថយចុះនិងរងការព្យាបាទផ្សេងទើបចិនបានរៀបចំប្រព័ន្ធតាមដាន ឧបករណ៍ត្រួតពិនិត្យដោយបច្ចេកវិទ្យាទំនើបៗ មានដូចជា ដ្រូន និងកាមេរ៉ាដែលអាចមើលឃើញដំរីនាពេលយប់។
ក្នុងនោះចិនក៏បានដំឡើងឧបករណ៍បញ្ជូនវិទ្យុឆ្លាតវៃចំនួន ១៧៧ ដើម្បីជូនដំណឹងដល់អ្នករស់នៅក្បែរនោះឱ្យយកចិត្តទុកដាក់លើសុវត្ថិភាព និងនៅឱ្យឆ្ងាយពីតំបន់ដែលត្រូវបានរកឃើញថាមានដំរីព្រៃកំពុងតែទៅដល់។ ចាប់តាំងពីប្រតិបត្តិការគោលការណ៍ថ្មីនេះមកដំរីជាច្រើនត្រូវបានដាន ២៤ម៉ោង ហើយកំណើរនៃការកកើតដំរីក៏បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕