681 ezgif.com resize
Moneygramott moi1280x163px

សម្ដេច ហ៊ុន ម៉ាណែត សាទរ និងអរគុណដល់តារាចម្រៀង វណ្ណដា ដែលលើកតម្កើងមុខមាត់កម្ពុជា លើឆាកអន្តរជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហានេះ បានបង្ហាញការអបអរសាទរ និងអរគុណកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា-Vann Da ដែលបានជួយលើកតម្កើងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។

សម្ដេច ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពរូបថតជាច្រើនសន្លឹករបស់តារាចម្រៀង វណ្ណដា ដោយមានប្រសាសន៍ថា «សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។

នៅយប់មិញនេះ លោក វណ្ណដា-Vann Da កំពូលតារារ៉េបខ្មែរ បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។

សូមជម្រាបថា បទ «Time To Rise» ជាចម្រៀងហ៊ីបហប ដែលមានដាក់បញ្ចូលតន្ត្រីបុរាណ។ នេះជាគំនិតច្នៃប្រឌិតថ្មីបំផុតមិនធ្លាប់មានពីមុនមក។ ការបកស្រាយរួមគ្នារវាង វណ្ណដា និង ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ធ្វើឱ្យបទនេះកាន់តែមានរសជាតិប្លែកសម្រាប់អ្នកស្តាប់។ រសជាតិថ្មីរវាងតន្ត្រីបុរាណ និងចង្វាក់ហ៊ីបហបសម័យទំនើបដែល វណ្ណដា ដាក់បញ្ចូលគ្នា មិនត្រឹមអន្ទងចិត្តអ្នកស្តាប់ក្នុងស្រុក តែបទនេះល្បីរន្ទឺដល់ឆាកអន្តរជាតិ រហូតពិភពលោកងាកមកសម្លឹងមើលសិល្បករវ័យក្មេង វណ្ណដា និងសមត្ថភាពដ៏អស្ចារ្យរបស់លោក៕

Khcct banner

អត្ថបទទាក់ទង