វៀតណាម៖ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម និយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមចង់សម្របសម្រួលជាមួយកម្ពុជាលើការវាយតម្លៃអំពីផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងតំបន់។ អ្នកនាំពាក្យរងក្រសួងការបរទេសរូបនេះ បាននិយាយទៀតថា ទន្លេមេគង្គជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាចំណុចតភ្ជាប់នៃចំណងសាមគ្គីភាព និងមិត្តភាពពិសេសរវាងវៀតណាម ឡាវ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ VnExpress ប្រទេសវៀតណាម។
លោក Doan Khac Viet បានគូសបញ្ជាក់ថា វៀតណាមមានបំណងចង់ឱ្យប្រទេសនៅតាមដងទន្លេ រួមទាំងកម្ពុជា រួមដៃគ្នាគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ ព្រមទាំងសាមគ្គីភាពរវាងប្រជាជាតិ។ ក្នុងន័យនេះ វៀតណាមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា និងគោរពការអនុវត្តគម្រោងព្រែកជីករបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមរំពឹងថានឹងសហការជាមួយកម្ពុជា ដើម្បីបង្កើតវិធានការសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់របស់គម្រោង។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធមក្រោមក្តីរំពឹងថា ព្រែកជីកនេះជាសរសៃឈាម និង ជាដង្ហើមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនដែលមានតម្លៃសាងសង់សរុបចំនួន ១,៧ ពាន់លានដុល្លារ មានប្រភពថវិកាវិនិយោគរបស់ក្រុមហ៊ុនខ្មែរ១០០ភាគរយសម្រាប់កំណាត់ទី១ ក្នុងចម្ងាយ ២១គីឡូម៉ែត្រ។ ចំណែកកំណាត់ទី២ដែលមានចម្ងាយដល់ទៅ ១៥៩គីឡូម៉ែត្រនឹងមានក្រុមហ៊ុនខ្មែរវិនិយោគចំនួន ៥១ភាគរយ និងក្រុមហ៊ុនសាវជីវកម្មស្ពាន និងថ្នល់ចិន CRBC ចំនួន ៤៩ភាគរយ៕