ភ្នំពេញ៖ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាសាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេស ដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ២០ នៅលើពិភពលោក លើនិរន្តរភាព និងជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងចក្រភពអង់គ្លេសដែលត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សាកលវិទ្យាល័យដ៏ល្បីរបស់អង់គ្លេសមួយនេះ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការនៅកម្ពុជាក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែសីហានេះ។
ថ្លែងក្នុងពិធីសម្ពោធនេះ សម្ដេច ហ៊ុន ម៉ាណែត វត្តមានសាកលវិទ្យាល័យ De Montfort នៅកម្ពុជា គឺជាការផ្តល់តម្លៃដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា តាមរយៈផ្ដល់ការអប់រំដល់និស្សិតកម្ពុជា។ សម្តេចចាត់ទុកការបោះមូលដ្ឋានរបស់សាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជា ដោយសារមើលឃើញការផ្ដល់តម្លៃលើវិស័យអប់រំ ចាប់ពីកម្រិតមូលដ្ឋាន ដល់ឧត្តមសិក្សារបស់រាជរដ្ឋាភិបាល។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។ សម្តេចចង់លើកទឹកចិត្ត ឲ្យសាកលវិទ្យាល័យ De Montfort សហការឲ្យបានជិតស្និទ្ធ ជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សម្តេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។
សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត មានកម្រិតស្តង់ដារអន្តរជាតិ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។ DMU ចូលរួមសហការជាមួយសាកលវិទ្យាល័យចំនួន ១៣ ផ្សេងទៀតនៅក្នុង ចក្រភពអង់គ្លេស ហើយមានសាកលវិទ្យាល័យតែជាង ១០០ ប៉ុណ្ណោះនៅទូទាំងពិភពលោកដែលទទួលបានការសរសើរ លំដាប់ផ្កាយ ៥៕