Cctimesw1140xh150cm copy

អនាគត«បង់ក្លាដែស»នៅស្រពិចស្រពិល ខណៈប្រទេសទាំងមូលផ្តើមភាពចលាចល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បង់ក្លាដែស៖បើទោះបីជា លោកស្រី ឆេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស បានចាកចេញពីតំណែង តាមការចង់បានរបស់ក្រុមបាតុករហើយក្តី តែការតវ៉ានៅតែបន្តកើតមានក្នុងប្រទេសបង់ក្លាដែស ដោយបង្កើតជាភាពចលាចលតាមទីក្រុងធំៗ ហើយប្រទេសទាំងមូលប្រកាសដាក់បម្រាមគោចរ ខណៈអំពើចោរកម្មលួចរបស់របផ្តើមកើតមានយ៉ាងអនាធិបតេយ្យក្នុងទីក្រុង។

ការតវ៉ាក្នុងប្រទេសបង់ក្លាដែស ត្រូវបានក្រុមអ្នកជំនាញលោកខាងលិចដាក់ឈ្មោះថា «បដិវត្ត Gen Z» ជាចលនាតវ៉ាដែលភាគច្រើនជាបាតុកររបស់និស្សិតវ័យក្មេងចេញបាតុកម្មប្រឆាំងរដ្ឋាភិបាល តាំងពីថ្ងៃទី ១ កក្កដា ឆ្នាំ២០២៤។ រដ្ឋធានីដាក្កា ជាបេះដូង សេដ្ឋកិច្ច និង ពាណិជ្ជកម្មរបស់បង់ក្លាដែស កំពុងរងនូវភាពចលាចល បាត់បង់សណ្តាប់ធ្លាប់ អស្ថេរភាព ហើយផ្តើមបន្តរីកដុះដាលទៅកាន់ទូទាំងប្រទេស។

ទប់ជាមួយកម្លាំងតវ៉ាមិនបាន លោកស្រី ឆេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស វ័យ៧៦ឆ្នាំ បានបង្ខំចិត្តចុះចេញពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសទៅប្រទេសឥណ្ឌា ដោយឧទ្ធម្ភាគចក្រ បញ្ចប់រយៈពេល ១៥ ឆ្នាំនៃការកាន់អំណាចរបស់ខ្លួន។

ក្រោយរត់ភៀសខ្លួន ពួកបាតុករវ័យក្មេង បានសម្រុកចូលទៅក្នុងផ្ទះរបស់លោកស្រី ឆេក ហាស៊ីណា ដោយវាយជញ្ជាំងចូល និង លួចទ្រព្យសម្បត្តិមានតម្លៃជាច្រើន ហើយក្នុងទីក្រុងដាកាផ្តើមភាពអនាធិបតេយ្យ អំពើចារកម្មផ្តើមកើតមាន ក្នុងទីក្រុងទាំងមូល ហើយបន្តរីកតាមទីក្រុងសំខាន់ៗមានជាអាទិ៍៖ ទីក្រុង រ៉ាចហ្សាហ៊ី, បារីសាល, ឈីថាហ្គង់ ។

ចលនានិស្សិត បានបញ្ជាក់ឆន្ទៈចង់ឃើញរដ្ឋាភិបាលអន្តរកាលបង់ក្លាដែស ដឹកនាំដោយលោក មូហាម៉ាដ យូនូស ដែលជា សេដ្ឋវិទូ មូ ជ័យលាភីណូបែលសន្តិភាពឆ្នាំ ២០០៦ និង ត្រូវបានគេស្គាល់ និងមានឈ្មោះល្បីល្បាញ ចំពោះស្នាដៃជួយស្រោចស្រង់ប្រជាពលរដ្ឋរាប់លាននាក់ឱ្យដើរចេញពីភាពក្រីក្រ តាមរយៈធនាគារមីក្រូហិរញ្ញវត្ថុ។ប្រភពពី CNN លោកយូនូស ក្នុងវ័យ ៨៤ឆ្នាំ និង កំពុងរស់នៅលើទឹកដីអឺរ៉ុប លោកនឹងស្ម័គ្រចិត្តមកដឹកនាំបង់ក្លាដែស តាមសំណើរប្រជាជន។ប៉ុន្តែមកដល់ពេលនេះ លោកមិនទាន់ទទួលបានលិខិតអញ្ជើញផ្លូវការណាមួយពីក្រុងយោធានោះទេ ហើយការតវ៉ានៅបន្តរីកក្នុងប្រទេសបង់ក្លាដែស។

ប្រភពពី CNN បានសម្ភាសន៍ជាមួយអ្នកជំនាញ និង ប្រជាពលរដ្ឋថា ទោះបីលោកស្រី ឆេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដែស ចុះចេញពីតំណែងហើយក្តី តែអស្ថេរភាពក្នុងប្រទេសបង់ក្លាដែស បន្តកើតបន្តដើរលើផ្លូវវែងឆ្ងាយទៀត ហើយប្រជាជនបង់ក្លាដែសមួយចំនួន សម្តែងការភ័យខ្លាចចំពោះផ្លូវខាងមុខ។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែស គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង មានប្រជាជនសរុបប្រមាណ ១៧០ លាននាក់។ជាប្រទេស ជាប់ព្រំដែនគោកជាប់ជាមួយប្រទេសឥណ្ឌា នៅភាគខាងលិច ជើង និង កើត រីឯប៉ែកអាគ្នេយ៍ គឺជាប់នឹងប្រទេសមីយ៉ាន់ម៉ា នៅក្បែរមហាអំណាចចិន។ការតវ៉ា ក្រោមរូបភាព«បដិវត្ត Gen Z»បានសម្លាប់ពលរដ្ឋបង់ក្លាដែសប្រមាណជិត៥០០នាក់ហើយគិតមកដល់ថ្ងៃនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង