
អងាម៉េរិក៖ ក្រោយផ្ទុះជម្លោះពាក្យសំដីជាមួយមេដឹកនាំអ៊ុយក្រែនមិនទាន់បានប៉ុន្មានផង ពេលនេះប្រមុខរដ្ឋអាម៉េរិកដូណាល់ត្រាំបានផ្តើមតឹងសរសៃកជាមួយលោក ហ្សេលែនស្គី សារជាថ្មីម្តងទៀតចំពេលពន្លឺចចារសន្តិភាពបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនស្ទើតែគ្មានសញ្ញាវិជ្ជមាន។ ថ្លែងសារចំៗក្នុងប្រព័ន្ធផ្សព្វផ្សាយ Truth Social ដូណាល់ត្រាំបានសរសេររៀបរាប់ថាលោកហ្សេលែនស្គីបានអួតខ្លួនឯងក្តែងៗលើទំព័រមុខកាសែត The Wall Street Journal ថា អ៊ុយក្រែននឹងមិនទទួលស្គាល់ដោយស្របច្បាប់នូវការកាន់កាប់តំបន់គ្រីមៀជារបស់រុស្ស៊ីឡើយ លោកថាការលើកឡើងរបស់លោកហ្សលែនស្គីនេះគឺជាសញ្ញាមិនអាចស្វែងរកកិច្ចចរចាបញ្ចប់សង្រ្គាមបានឡើយ។

សម្រាប់លោកត្រាំសេចក្តីថ្លែងការណ៍នេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាសន្តិភាពជាមួយរុស្ស៊ីដែលតំបន់គ្រីមៀត្រូវបានបាត់បង់កាលពីប៉ុន្មានឆ្នាំមុនក្រោមការដឹកនាំរបស់ប្រធានាធិបតី Barack Hussein Obama ហើយហ្សេលែនស្គីលើកបញ្ហានេះមកគឺមិនមែនជាដំណោះស្រាយឡើយ។ លោកបញ្ជាក់ទៀតថាគ្មាននរណាម្នាក់ស្នើសុំឱ្យ ហ្សេលែនស្គី ទទួលស្គាល់ គ្រីមៀ ជាទឹកដីរុស្ស៊ីទេ ប៉ុន្តែប្រសិនបើខ្លួនចង់បាន គ្រីមៀ ហេតុអ្វីបានមិនតដៃជាមួយគ្នាកាលពី ១១ ឆ្នាំមុន?

ដូណាល់ត្រាំបានចាត់ទុកការលើកឡើងបញ្ហាគ្រីមៀមកនេះកាន់តែធ្វើឱ្យពិបាកក្នុងការដោះស្រាយសង្គ្រាមនេះ។ ត្រាំថែមទាំងព្រមានទៀតថាបើមិនចង់បានសន្តិភាពទេអ៊ុយក្រែនអាចនិងត្រូវតស៊ូជាមួយរុស្ស៊ី ៣ឆ្នាំទៀត រឺក៏អាចនិងបាត់បង់ប្រទេសទាំងស្រុងក៏ថាបាន។ លោកបានអះអាងទៀតថាលោកមិនមានអ្វីពាក់ព័ន្ធជាមួយរុស្ស៊ីទេ ប៉ុន្តែលោកចង់ជួយសង្រ្គោះនិងរកផ្លូវបញ្ចប់ជម្លោះ ត្រាំបន្ថែមទៀតថាដោយជាមធ្យមទាហានរុស្ស៊ី និងអ៊ុយក្រែន ប្រាំពាន់នាក់ក្នុងមួយសប្តាហ៍ ត្រូវបានស្លាប់ក្នុងសមភូមិ។ លោកចាត់ទុក ការលើកឡើងរបស់លោកហ្សេលែនស្គីនេះគឺជាវាលពិឃាតក្នុងការធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់បន្ថែមទៀត កិច្ចព្រមព្រៀងស្ទើតែជិតរូចរាល់ហើយលោកធ្វើឲ្យកាន់តែមានភាពលំបាក ត្រាំសង្គត់ធ្ងន់ថាថាសង្រ្គាមមួយនេះនិងមិនកើតឡើងជាដាច់ខាតប្រសិនបើលោកជាប្រធានាធិបតីនាពេលនោះ៕
