ភ្នំពេញ៖ អាហារូបករណ៍Chevening សម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេស បើកទទួលពាក្យចាប់ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ បេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ chevening.org/apply/។ អាហារូបករណ៍នេះផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និសិ្សតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស។
អាហារូបករណ៍ Chevening ផ្តល់ជូនដល់អ្នកដាក់ពាក្យដែលមកពីគ្រប់មជ្ឈដ្ឋាន ផ្សេងគ្នាដែលមានការតាំងចិត្តខ្ពស់ មាន ជំនាញច្បាស់លាស់ ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគត ។ អ្នកដាក់ពាក្យត្រូវតែមានផែនការច្បាស់លាស់ និងអាចទទួលបានជោគជ័យដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសរបស់ពួកគេ និងអាចបង្ហាញថាសញ្ញាប័ត្ររបស់ចក្រភពអង់គ្លេសអាចជួយផ្លាស់ប្តូរជីវិតរបស់ពួកគេ ពីផែនការទៅជាកាពិតបាន។
អាហារូបករណ៍នេះផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុមួយរយភាគរយដល់និសិ្សតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ ខ្ពស់នៅសាកលវិទ្យាល័យណាមួយក្នុងចំណោម១៥០សកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស។ ជាមួយគ្នានោះ និស្សិតអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ ជំនាញវិជ្ជាជីវៈ និងវប្បធម៌យ៉ាងសម្បូរបែបច្រើនទៀត។
ចាប់តាំងពីកម្មវិធីអាហារូបករណ៍Chevening បានបង្កើតក្នុងឆ្នាំ១៩៨៣ មានអតីតនិស្សិតជ័យលាភីដែលមានជំនាញវិជ្ជាជីវៈជាង ៥៧០០នាក់ មានឱកាសអភិវឌ្ឍជំនាញរបស់ខ្លួនតាមរយៈអាហារូបករណ៍មួយនេះ។ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ អាហារូបករណ៍ Chevening នឹងផ្តល់ចំនួន ១៥០០កន្លែង ដល់និសិ្សតមកពីទូទាំងពិភពលោក នេះជាការបង្ហាញ ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍន៍ដល់អ្នកដឹកនាំនាពេលអនាគត។
លោក Dominic Williams ឯអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ការជម្រុញអោយមានការផ្លាស់ប្តូរ មិនថានៅក្នុងកម្រិតមូលដ្ឋាន ឬជាសកល ហើយប្រសិនបើអ្នកចង់ក្លាយជាអ្នកពូកែបំផុតទៅលើអ្វីដែលអ្នកធ្វើ អ្នកមានក្តីស្រមៃលើកទឹកចិត្តអ្នកដទៃ នោះអាហារូបករណ៍ Chevening អាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អ្នក៕»