Cctimesw1140xh150cm copy

រដ្ឋបាលជលផល និងអង្គការ UNIDO រៀបចំសិក្ខាសាលាស្តីពី«លក្ខខណ្ឌនាំចេញផលិតផលជលផល»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ថ្មីៗនេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល» ដើម្បីជូនដំណឹងដល់សហគ្រាសកែច្នៃផលជលផល និងប្រតិបត្តិកធុរកិច្ចជលផលពាក់ព័ន្ធដែលមានបំណងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ឱ្យដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីចុះឈ្មោះ និងទទួលបានលេខកូដសម្គាល់អនុម័តសម្រាប់នាំចេញ។

នៅក្នុងសិក្ខាសាលានេះ លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផល មានប្រសាសន៍ថា ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត។

លោក ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ។

លោក ពុំ សុថា បានបញ្ជាក់ទៀតថា នីតិវិធីមានលក្ខណៈស្មុកស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពី DG-SANTE កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល។

ឈរលើជំហរមុតម៉ាំនេះ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយប្រទេសចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឱ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។

សូមជម្រាបថា អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុបដោយរដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការ និងឯកសារតម្រូវផ្នែកបច្ចេកទេសរួចរាល់ហើយផងដែរ។ ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពី DG-SANTE ដើម្បីចុះឈ្មោះប្រទេសកម្ពុជា ជាមួយផលិតផលជលផលដែលមានហានិភ័យទាបដូចជា ទឹកត្រី ប្រហុក និងត្រីងៀតដែលកែច្នៃចេញពីផលចាប់ធម្មជាតិទឹកសាប៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង