សៀមរាប៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា និងប្រតិបត្តិការបោសសម្អាតក្រោមទឹកសម្រេចបានលើផ្ទៃទឹកចំនួនប្រមាណជា ៨០ម៉ឺនម៉ែត្រក្រឡា។ នេះបើតាមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។
ក្នុងរយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការរំដោះផ្ទៃដី នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម សោយបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បាន ៧៤៤គ្រាប់ លើទំហំផ្ទៃដី ១១៤.៣៦៤.១៣០ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុប ៦៤.៧៨២គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨.០៩២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥២.៤៤៥គ្រាប់ និងកាំភ្លើងធន់តូចចំនួន៣.២៧៦គីឡូក្រាម។
ដោយឡែកសម្រាប់ប្រតិបត្តិការក្រោមទឹកវិញសម្រេចបានលើផ្ទៃទឹកចំនួន ៨០២.០០០ម៉ែត្រក្រឡា ដោយរុករកឃើញគ្រាប់មីនប្រឆាំងមនុស្ស យុទ្ធភណ្ឌមិនទាន់ផ្ទុះ បំណែកនាវា និងអំបែងសរុបបានចំនួន ២៣៥តោន។
សូមជម្រាបថា ក្រៅពីប្រតិបត្តិការបោសសម្អាតមីន មន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ និងបណ្តាញមីនស្ម័គ្រចិត្តក៏បានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៣.៦៨៤លើក ស្មើនឹង៦៧៤.៨១៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.១៥៤.៤៥៥នាក់៕