ភ្នំពេញ៖ យុវជន សុខន បញ្ញារ័ត្ន មានអាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង។ កាលពីពេលថ្មីៗនេះ បញ្ញារ័ត្ន ត្រូវបានអង្គការ Voice For Rights International ជ្រើសរើសឱ្យចូលរួម សន្និសីទអ្នកការទូតអន្តរជាតិ ៥.០ ២០២៤ (International Diplomats Conference 5.0 2024) ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Vienna ប្រទេសអូទ្រីស។
យុវជន សុខន បញ្ញារ័ត្ន បានប្រាប់ស៊ីស៊ីថាមស៍ ថា ដើម្បីបានជ្រើសរើសចូលរួមសន្និសីទនេះ ត្រូវឆ្លងកាត់២ដំណាក់កាល ទី១ការសរសេរអត្ថបទ បន្ទាប់ពីជាប់នៅដំណាក់ទី១ ទើបឆ្លងទៅដំណាក់កាលទី២ គឺការសម្ភាសន៍។ នៅក្នុងវគ្គសម្ភាសន៍នេះ បេក្ខជនចំនួន ១៥នាក់ ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនប្រមាណ ៣០០នាក់ ដើម្បីធ្វើការសម្ភាសន៍។ ខណៈនៅប្រទេសកម្ពុជា មានតែយុវជន សុខន បញ្ញារ័ត្ន តែម្នាក់ប៉ុណ្ណោះ ដែលបានជាប់នៅក្នុងការសម្ភាសន៍។ យុវជន បញ្ញារ័ត្ន បានបញ្ជាក់ថា កម្មវិធីកន្លងមក មានយុវជនខ្មែរ បានទៅចូលរួមជាមួយ ខណៈដំណើរទៅប្រទេសអូទ្រីសលើកនេះ គឺទៅតែម្នាក់ឯងប៉ុណ្ណោះ។
បញ្ញារ័ត្ន បានឱ្យដឹងទៀតថា សន្និសីទអ្នកការទូតអន្ដរជាតិ ជាកម្មវិធីមួយរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំយុវជនដូចគ្នា ដើម្បីពិភាក្សា ផ្លាស់ប្ដូរគំនិត និងស្វែងដំណោះស្រាយរួមគ្នា ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងការរស់នៅក្នុងសហគមន៍ជាដើម។ នៅក្នុងសន្និសិទនេះ នឹងមានកិច្ចពិភាក្សាចំនួន២ គឺផលវិបាកនៃគ្រឿងញៀន និងភាពជាអ្នកដឹកនាំសម្រាប់យុវជន។ ជាពិសេស ការបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ ភាពជាអ្នកដឹកនាំ អន្តរកម្មសកល និងមិត្តភាព ការសហការ ការយល់ដឹងអំពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៨ និងការពង្រឹងសមត្ថភាពយុវជន។
កន្លងមក យុវជន សុខន បញ្ញារ័ត្ន ធ្លាប់បានចូលរួមកម្មវិធីជាអន្ដរជាតិ ២លើករួចមកហើយ រួមមាន Young Professional Fellowship ដែលធ្វើនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកម្មវិធី Asia Pacific Leaders Summit ប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្មវិធីទាំងពីនេះ មានគោលបំណងតម្រង់គោលដៅយុវជនជំនាន់ក្រោយ សិក្សាពីភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតផ្សេងៗ ក៏ដូចជាប្រមូលផ្ដុំយុវជនមកពីបណ្ដាប្រទេសផ្សេងៗ ដើម្បីធ្វើការស្គាល់គ្នា និងការផ្លាស់ប្ដូរវប្បធម៌ផ្សេងៗ។ សម្រាប់ បញ្ញារ័ត្ន ផ្ទាល់ក៏បានផ្សព្វផ្សាយវប្បធម៌ខ្មែរបានច្រើនដែរ តាមរយៈកម្មវិធីទាំងពីរនេះ និងឃើញថាយុវជនមកពីបណ្ដាប្រទេសផ្សេងៗ ចាប់អារម្មណ៍លើវប្បធម៌ខ្មែរច្រើនដូចគ្នា។
សូមជម្រាបថា សន្និសីទអ្នកការទូតអន្ដរជាតិ នឹងរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនៅបណ្ឌិតសភាការទូតនៅទីក្រុង Vienna និងសិក្ខាសាលាស្តីពីការគ្រប់គ្រងគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៅមជ្ឈមណ្ឌលអន្តរជាតិទីក្រុង Vienna (VIC) និងដំណើរទស្សនាអគារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិនៅទីក្រុង Vienna ។ ជាពិសេស ប្រតិភូយុវជនល្អបំផុតនៃព្រឹត្តិការណ៍នៅអូទ្រីសនេះ នឹងត្រូវបានជ្រើសរើសជាប្រតិភូដែលផ្តល់អាហារូបករណ៍ពេញលេញសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខនៅក្នុងប្រទេសកាណាដាផងដែរ៕