Cctimesw1140xh150cm copy

អ្នកជំនាញកំពុងជួសជុល«ប្រាង្គបណ្ណាល័យ»សង់ពីឥដ្ឋនៅជ្រុងឦសានប្រាសាទភ្នំក្រោម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែកក្កដានេះ បាននិងកំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោម ដែលរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ធ្វើឲ្យបាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផងដែរ។

លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដោយសាររចនាសម្ព័ន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម។

មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ក្បាំងជញ្ជាំងខាងលើ។ ពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។

សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាបខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ១២គីឡូម៉ែត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង