Cctimesw1140xh150cm copy

ពីកសិករចិញ្ចឹមគ្រំចំពុះទា លោក វង្ស តារា វិវត្តខ្លួនក្លាយជាម្ចាស់សហគ្រាសកែច្នៃគ្រំចំពុះទា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ ផ្ដើមពីកសិករចិញ្ចឹមគ្រំចំពុះទាតាំងពីឆ្នាំ១៩៩៤ លោក វង្ស តារា បានបើកសហគ្រាសកែច្នៃគ្រំចំពុះទាស្រស់នៅក្នុងឆ្នាំ២០២១ ដោយសារតែការរីករាលដាល់នៃវីរុសកូវីត១៩ ធ្វើឱ្យគ្រំចំពុះទាមិនអាចនាំចេញទៅប្រទេសថៃ និងវៀតណាម ដែលនាំឱ្យកកស្ទះ លើសពីតម្រូវការនៅស្រុក។ ក្រោយគ្រំចំពុះទា អាចធ្វើការកែច្នៃបាន ធ្វើឱ្យតម្លៃគ្រំចំពុះស្រស់ មានតម្លៃថ្លៃជាងនាំចេញទៅកាន់ប្រទេសជិតខាង។ ជាពិសេស បានជួយបង្កើនការងារដល់ប្រជាសហគមន៍នេសាទពាមក្រសោបផងដែរ។

លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គារក្រៀម និងគ្រំចំពុះទា វង្ស តារា បានប្រាប់ស៊ីស៊ីថាមស៍ ថាលោកបានប្រកមរបរជាអ្នកចិញ្ចឹមគ្រុះចំពុះទា តាំងពីឆ្នាំ១៩៩៤មកម្លេះ។ នៅពេលប្រមូលផលគ្រំចំពុះទា ជារៀងរាល់ឆ្នាំ គ្រំចំពុះទា ត្រូវបានចេញទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម រហូតជាង៨០% ខណៈតម្រូវការនៅក្នុងស្រុកមានប្រមាណជាង១០%ប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២១ វីរុសកូវីត១៩ បានរីករាលដាលគ្រប់ប្រទេស ធ្វើឱ្យគ្រំចំពុះទា មិនអាចនាំចេញបាន ធ្វើឱ្យគ្រំចំពុះទា កកស្ទះលើសពីតម្រូវការក្នុងស្រុក។ ដូច្នេះលោក ក៏ចាប់ផ្ដើមមានគំនិតក្នុងការកែច្នៃគ្រំចំពុះទាស្រស់។

ម្ចាស់សហគ្រាស រូបនេះបានបន្ដថា នៅពេលចាប់បើកសហគ្រាសដំបូង ដោយនៅក្មេងខ្ចី មិនមានបទពិសោធ និងជំនាញវេចខ្ចប់ ធ្វើឱ្យលោក វង្ស តារា មិនអាចនាំយកផលិតរបស់ខ្លួនទៅលក់នៅតាមផ្សារទំនើបបាននោះទេ។ ដូច្នេះលោកត្រូវការឈ្មួញកណ្ដាល ដើម្បីនាំយកផលិតផលកែច្នៃរបស់លោកទៅផ្គត់ផ្គង់នៅផ្សារទំនើប។ ដោយចាប់ផ្ដើមកែច្នៃបានមួយរយៈ ក៏មានអង្គការយូនីដូប្រកាសផ្សព្វផ្សាយដើម្បីស្វែងរកសហគ្រាសខ្នាតតូច និងមធ្យម ជួយទៅលើការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដើម្បីបង្កើនគុណភាព សុវត្ថិភាព និងអនាម័យ។ ដូច្នេះលោកក៏បានដាក់ពាក្យស្នើរសុំជំនួយ និងបានជាប់ក្នុងការជ្រើសរើស ក៏ទទួលបានការគាំទ្រពីសហភាពអឺរ៉ុប អង្គការយូនីដូ និងគម្រោង CAPFISH-Capture ។

បើតាមលោក វង្ស តារា តាមរយៈជំនួយនេះ សហគ្រាសកែច្នៃរបស់លោក បានទទួលការសាងសង់ទីតាំងថ្មី ដែលមានបំពាក់ឧបករណ៍កែច្នៃថ្មី, កំណត់អ្នកទិញថ្មីនៅទីផ្សារក្រុងភ្នំពេញ និងផ្សារនានា, វគ្គបណ្ដុះបណ្ដាល, កែលម្អសម្ភារវេចខ្ចប់ និងស្លាកសញ្ញាផលិតផលដើម្បីទទួលបានតម្លៃបន្ថែមកាន់តែប្រសើរ, និងការគាំទ្រផ្នែកបច្ចេកទេស។ តាមរយៈជំនួយនេះ ធ្វើឱ្យសហគ្រាសកែច្នៃបង្គារក្រៀម និងគ្រំចំពុះទា វង្ស តារា ទទួលបានវិញ្ញាបនបត្រ ស៊ី ឃ្យូ អេស កម្រិតមូលដ្ឋាន, បង្កើនបរិមាណលក់បាន៣១%, ប្រាក់ចំណូលកើនឡើង ៦៨%, ទាក់ទាញអ្នកទិញថ្មីចំនួន៥ និងចុះកិច្ចសន្យាទិញ-លក់ជាមួយផ្សារម៉ាក្រូ, និងបង្កើនការងារដល់ពលរដ្ឋនៅក្នុងសហគមន៍នេសាទពាមក្រសោប។

លោក វង្ស តារា បានឱ្យដឹងទៀតថា គ្រួសារដែលចិញ្ចឹមគ្រំចំពុះទា មានចំនួន ១៥៥ គ្រួសារ ហើយពួកគេប្រមូលផលគ្រំចំពុះទាចន្លោះពី ២.៥០០តោន ទៅ ៣.០០០តោន ក្នុងមួយឆ្នាំ។ ខណៈសហគ្រាសរបស់លោក មានលទ្ធភាពកែច្នៃគ្រំចំពុះទាស្រស់មួយតោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅផ្សារម៉ាក្រូ និងផ្សារមួយចំនួននៅក្នុងខេត្តកោះកុង។ ដោយសារតម្រូវការនៅក្នុងស្រុកនៅមានកម្រិត គ្រំចំពុះទាស្រស្រល់ ដែលមិនទាន់កែច្នៃត្រូវបាននាំចេញទៅប្រទេសថៃនៅក្នុងតម្លៃថោក។ ខណៈការផ្គត់ផ្គង់គ្រំចំពុះទាស្រស់ នៅក្នុងស្រុកមានតម្លៃថ្លៃជាងនាំចេញ។

សហគ្រាសកែច្នៃបង្គារក្រៀម និងគ្រំចំពុះទា វង្ស តារា អាចកែច្នៃគ្រំចំពុះទា បានចំនួន ៤ប្រភេទ ដូចជាគ្រំចំពុះទាស្រស់សម្អាតរួច គ្រំចំពុះទាបកមួយចំហៀង គ្រំចំពុះទាចំហុយយកសាច់សុទ្ធ និងគ្រំចំពុះទាក្រៀម។ នៅពេលបច្ចុប្បន្ននេះ គ្រំចំពុះទាចំហុយយកសាច់សុទ្ធ ទទួលបានការគាំទ្រច្រើន។ ជាមួយគ្នានោះ លោក វង្ស តារា សង្ឃឹមថា នាថ្ងៃខាងមុខ ចំពុះទាក្រៀម មានការគាំទ្រច្រើន ព្រោះគ្រំចំពុះទាក្រៀមងាយស្រួលក្នុងការទុកដាក់ ដឹកជញ្ជូន និងអាចរក្សាទុកដោយមិនត្រូវការទូរបង្កក។ លោក វង្ស តារា ក៏មានមហិច្ចតា ក្នុងការពង្រឹងស្ដង់ដារផលិតផលរបស់លោក ដើម្បីទទួលបានវិញ្ញាបនបត្រ ស៊ី ឃ្យូ អេស កម្រិតសកល ក្នុងការឈោងចាប់ទីផ្សារមួយចំនួនទៀតនៅកម្ពុជា ក៏ដូចជាទីផ្សារអន្ដរជាតិ។

សូមជម្រាបថា សហគ្រាសកែច្នៃបង្គាក្រៀមនិងគ្រំចំពុះទា វង្ស តារា បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ នៅក្នុងខេត្តកោះកុងដែលជាអាជីវកម្មលក្ខណៈគ្រួសារ កែច្នៃផលិតផលជលផលសមុទ្រដូចជា គ្រំចំពុះទាស្រស់ និងក្រៀម បង្គាក្រៀមនិងកាពិ។ សហគ្រាសក៏ជាសមាជិកសហគមន៍តំបន់ការពារទេសភាព ដែលមានសមាជិកសរុបចំនួន ៥២ គ្រួសារ (១១៥នាក់) ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកោះកុង។ សមាជិកក្រុមចិញ្ចឹមគ្រំចំពុះទា លក់ផលិតផលឱ្យឈ្មួញក្នុងស្រុកនិង ថៃ ។ គ្រំចំពុះទាគឺជាផលិតផលចម្បងរបស់សហគ្រាសនេះ តំណាងឱ្យ ៧០%នៃការលក់ រីឯបង្គាក្រៀមមានចំនួន ២០% និងកាពិ ១០%។ សហគ្រាសមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង