Cctimesw1140xh150cm copy

ប្ដីប្រពន្ធជាពលករខ្មែរនៅកូរ៉េ១គូ ចាយទុនជាង១ម៉ឺនដុល្លារ ផលិត«នំបញ្ចុកកំប៉ុង»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កូរ៉េ៖ ប្ដីប្រពន្ធ ដែលជាពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងមួយគូ បានចំណាយថវិកាប្រមាណជាងមួយម៉ឺនដុល្លារអាម៉េរិក ក្នុងការបង្កើតនូវផលិតផលខ្មែរលើទឹកកូរ៉េគឺ«នំបញ្ចុកកំប៉ុង»។ នំបញ្ចុកកំប៉ុង មានចំនួន ៣រសជាតិ រួមមាន សម្លការី សម្លប្រហើរ និងសម្លណាំយ៉ា។ បច្ចុប្បន្ននេះ នំបញ្ចុកកំប៉ុង កំពុងទទួលបានការគាំទ្រគួរសមពីប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ និងកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស៊ីស៊ីថាមស៍ លោក ព្រីង ឆេង ស្ថាបនិកផលិតផល«នំបញ្ចុកកំប៉ុង»បាននិយាយថា លោកមានគំនិតក្នុងកែច្នៃនំបញ្ចុកស្រស់ ទៅជានំបញ្ចុកកំប៉ុង ជាយូរមកហើយ។ ក្រោយមកលោកក៏បានចាប់ដៃគ្នាជាមួយភរិយារបស់លោក គឺ លោកស្រី ឌក គីមស្រាង ក្នុងការផលិតនំបញ្ចុកកំប៉ុងនេះ។ ដោយឆ្លងការកាត់ការគិតគូរអស់ជាច្រើនឆ្នាំ នំបញ្ចុកកំប៉ុង បានចូលបន្ទប់ពិសោធន៍ដំបូងនៅក្នុងខែមីនា ឆ្នាំ២០២៣។ រហូតដល់ខែមីនា ឆ្នាំ២០២៤ នំបញ្ចុកកំប៉ុង បានលេចចេញជារូបរាង និងត្រូវបានដាក់លក់នៅលើទីផ្សារ។ នំបញ្ចុកកំប៉ុង មានចំនួន ៣រសជាតិ រួមមាន សម្លការី សម្លប្រហើរ និងសម្លណាំយ៉ា។

លោក ព្រីង ឆេង បានបន្ដថា រូបលោក និងភរិយា មិនមែនជាអ្នកសិក្សារៀនសូត្រពាក់ព័ន្ធនឹងគីមីចំណីអាហារនោះទេ ដែលធ្វើឱ្យមានផលវិបាកជាច្រើន។ ដោយលោកគ្រាប់តែមានគោលបំណងតូចមួយ ក្នុងកែច្នៃនំបញ្ចុក ឱ្យបានដូចជាមីកំប៉ុង និងមីកញ្ចប់ ដែលនំបញ្ចុកកំប៉ុងនេះ មិនធ្វើឱ្យប៉ះពាល់ដល់ក្រពះពោះវៀន និងឡើងគីឡូជាដើម។ ហើយលោកគ្រាន់តែជាអ្នកផ្ដើមគំនិត ផ្ដល់យោបល់ បច្ចេកទេសរក្សាទុក ការទិញសម្ភារៈ ការឌីស្សាញកំប៉ុង និងការងារជាច្រើនទៀត។ ចំណែកភរិយារបស់លោកជាអ្នកច្នៃបន្ថែម ដូចជា នំបញ្ចុកក្រៀម និងសម្ល។ លោកព្រីង ឆេង បានបញ្ជាក់ថា ប្រសិនបើគ្មានភរិយារបស់លោកទេ ក៏លោកមិនអាចផលិតនំបញ្ចុកកំប៉ុងនេះបានដែរ។

បើតាមលោក ព្រីង ឆេង សរសៃនំបញ្ចុក មិនប្រើប្រាស់ខ្លាញ់ និងអំបិល ដូចជាមីកំប៉ុងនោះទេ ហើយសរសៃនំបញ្ចុក ផលិតពីអង្គរសុទ្ធ ដែលកត្តានេះហើយធ្វើឱ្យអ្នកពិសារនំបញ្ចុកកំប៉ុង មិនធ្វើឱ្យប៉ះពាល់ដល់ក្រពះពោះវៀន និងឡើងគីឡូ។ ដោយមានគម្រោងក្នុងពង្រីងខ្លួនបន្ថែមទៀត បច្ចុប្បន្ននេះ លោក ព្រីង ឆេង បាននឹងកំពុងឱ្យក្រុមហ៊ុនកូរ៉េពង្រឹងទៅលើស្ដង់ដារអនាម័យ និងគុណភាព បន្ថែមទៀត ដើម្បីអាចនាំយកចេញទៅកាន់ប្រទេសអាម៉េរិច កាណាដា ជប៉ុន ថៃ និងអូស្រ្តាលី ជាដើម។

សូមជម្រាបថា លោក ព្រីង ឆេង មានទីកន្លែងកំណើតនៅស្រុកសំរោង ខេត្តតាកែវ និងបានចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េនៅក្នុងឆ្នាំ២០០៨។ ខណៈភរិយារបស់លោក លោកស្រី ឌក គីមស្រាង ជាអ្នកខេត្តកំពង់ចាម។ បច្ចុប្បន្ន លោក ព្រីង ឆេង និងភរិយា កំពុងរស់នៅ និងធ្វើការ នៅស្រុកអ៊ឹមសង ខេត្តឈុងប៊ុក ប្រទេសកូរ៉េខាងត្បូង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង