Cctimesw1140xh150cm copy

កម្លាំងប្រតិបត្តិការក្រោមទឹក ស្រង់គ្រាប់បានជាង ២ម៉ឺនគ្រាប់ និងដែកបំណែកនាវាជាង ២៣៥តោន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយនិងមន្រ្តីជាន់ខ្ពស់មកពីអន្តរក្រសួងមួយចំនួនផ្សេងទៀត បានទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ដែលមានការដ្ឋាន ឋិតនៅភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្តែងនូវការដឹងគុណ និងការកោតសរសើរដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រតិបត្តិការរបស់ខ្លួនប្រកបដោយលទ្ធផលផ្លែផ្កាដោយស្រង់គ្រាប់បានចំនួន ២៤.៦៩៩គ្រាប់ និងដែកបំណែកនាវាចំនួនជាង ២៣៥តោន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្រង់យកគ្រាប់ជាបន្តបន្ទាប់ទៅមុខទៀត។

លោក ស សុខា ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងសស្រាក់ស្រស្រាំចូលរួមដោះស្រាយបញ្ហាការងារទាំងឡាយឱ្យប្រព្រឹត្តទៅបានល្អប្រសើរជាមួយគ្នា ជាពិសេសអង្គភាពស៊ីម៉ាក់ដែលបានដឹកនាំប្រតិបត្តិការផ្ទាល់លើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបាតទន្លេ ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមជាគោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងសមុទ្រ ដើម្បីធានាបានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សន្តិសុខសុវត្ថិភាពការដឹកជញ្ចូនផ្លូវទឹក ព្រមទាំងពង្រឹងសន្តិសុខជាតិប្រកបដោយនិរន្តភាព ។

សូមជម្រាបថា កិច្ចប្រតិបតិ្ដការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងទន្លេចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ សម្រេចបានលទ្ធផលមានជាអាទិ៍៖ រុករកឃើញ និងស្រង់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២៤.៦៩៩គ្រាប់ បន្ទះដែកនាវានិងអំបែងយុទ្ធភណ្ឌសង្គ្រាមចំនួន២៧តោន ដោះបន្សាបគ្រាប់គ្រប់ប្រភេទបានចំនួន៨.២៤៦គ្រាប់ កម្ទេចចោលគ្រាប់មីន/គ្រាប់គ្រប់ប្រភេទចំនួន១៣.០៣៧ គ្រាប់ ។ សរុបគិតទាំងគ្រាប់មីន/គ្រាប់ បំណែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រមាដែលស្រង់បានមានចំនួនសរុបប្រមាណ២៣៥តោន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង