សៀមរាប៖ អ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មី បានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងជួសជុលប្រាសាទបុរាណខ្មែរប្រកបដោយក្តីស្រឡាញ់ចំពោះមរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ បានរួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិ នៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។
លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្ន រូបលោកកំពុងធ្វើការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។
លោក ឃឹម សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ជាអ្នកមានចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។
ជាមួយគ្នានេះ លោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលលោកបានចូលបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណប្រមាណជិត១០ឆ្នាំមកនេះ។ លោក ធ្លក សុខ មានក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ពិសេសក្រុមអ្នកជំនាញជួសជុលប្រសាសទបុរាណតែងតែខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ៕