Cctimesw1140xh150cm copy

ខ្សែរថភ្លើងលើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ត្រូវបានបើកសាកល្បងឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ បន្ទាប់ពីផ្អាកអស់រយៈពេលវែង និងដើម្បីធានាសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមសេចក្ដីប្រកាស រថភ្លើងទាំង៤ទូនោះមានដូចជា Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មកម្លេះ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង