Cctimesw1140xh150cm copy

កម្មវិធីចែករំលែកស្តីអំពី “ចាប់ផ្ដើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកថ្ងៃនេះ” របស់ធនាគារ កាណាឌីយ៉ា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រៀបចំដោយ ធនាគារ កាណាឌីយ៉ា សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន ម.ក (Dara Insurance) ព្រមទាំងមានការឧបត្ថម្ភទីតាំងដោយ មជ្ឍមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា (The Olympia Medical Hub) ក៏ដូចជាគាំទ្រដោយ មន្ទីរពេទ្យអ៉ីនធ័រឃែរ (Intercare Hospital) និងសួនកម្សាន្ត ដាយណូស័រអឺឡាយហ្វឺ (Dinosaurs Alive)។ 

កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ធនាគារ កាណាឌីយ៉ា សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន បានប្រារព្ធនូវកម្មវិធីមួយដែលមានឈ្មោះថា “ចាប់ផ្ដើមផែនការហិរញ្ញវត្ថុ និងគាំពារសុវត្ថិភាពបុត្រធីតារបស់លោកអ្នកពីថ្ងៃនេះ” នៅទីតាំង មជ្ឍមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា ដែលមានការចូលរួមជាវត្តមានពីសំណាក់ ថ្នាក់ដឹកនាំរបស់ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន ម.ក តំណាងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃកាណាឌីយ៉ាគ្រុប ភ្ញៀវកិត្តិយសដែលជាអតិថិជន ព្រមទាំងលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រះនរោត្តមដែលជាម្ចាស់ពានរង្វាន់ជ័យលាភី ក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ លើកទី៩ របស់ក្រសួងព័ត៌មានឆ្នាំ២០២៤ ផងដែរ។

កម្មវិធីនេះក៏មានរៀបចំជាកិច្ចពិភាក្សា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីអំពី “ការចិញ្ចឹមបីបាច់ថែរក្សាកូនៗ និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ពួកគេ” ដែលចូលរួមដោយ លោក ជ្រិន សាលី នាយកសាលាបឋមសិក្សាព្រះនរោត្តម និងលោកស្រី កែម ចាន់ធូ អ្នកគ្រូបង្រៀន នៃសាលាបឋមសិក្សាព្រះនរោត្តម ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះផងដែរ។

 

លោកស្រី ឈាង សោភា នាយិកា នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា បានលើកឡើងក្នុងសុន្ទរកថាទៅកាន់កម្មវិធី អំពីការប្រកាសនូវកិច្ចសហការ រវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន ម.ក ក្នុងគោលបំណងនាំមកជូនអត្ថប្រយោជន៍បន្ថែមប្រកបដោយគុណតម្លៃ និងមានសារៈសំខាន់ជូនដល់អតិថិជនដែលបានជ្រើសរើស ការសន្សំសម្រាប់បុត្រធីតា ជាមួយនឹងគណនីកុមារ របស់ធនាគារ កាណាឌីយ៉ា។ គណនីកុមារ ជាផលិតផលដែលធនាគារយើងបានបងើ្កតឡើង យ៉ាងសម្រិតសម្រាំងចាប់តាំងពី ១៥ឆ្នាំមុន ដែលផ្តល់ជាជម្រើសក្នុងការសន្សំប្រាក់សម្រាប់អនាគតបុត្រធីតាមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងរូបិយប័ណ្ណរៀល និងដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់ រហូតដល់ ៦%។

គណនីកុមារ សក្តិសមបំផុតសម្រាប់អាណាព្យាបាល ក្នុងការរៀបចំគម្រោងសន្សំប្រាក់រយៈពេលវែង សម្រាប់បុត្រធីតា និងដើម្បីសម្រេចគោលបំណងរបស់ពួកគាត់នាថ្ងៃអនាគត ផ្តោតសំខាន់លើការបន្តការសិក្សានៅសាលា ឬមហាវិទ្យាល័យ ទាំងក្នុង និងក្រៅប្រទេសដែលពួកគាត់ពេញចិត្ត ក៏ដូចជាសន្សំដើម្បីសម្រេចក្តីសុបិន្តរបស់ពួកគាត់ពេលចម្រើនវ័យគម្រប់ ១៨ឆ្នាំ ។ បន្ថែមពីនេះទៅទៀត គណនីកុមារ ជួយបណ្តុះទម្លាប់សន្សំប្រាក់ របស់បុត្រធីតាលោកអ្នកទាំងពីកុមារភាព និងជាថ្នាលបណ្តុះបណ្តាលចំណេះដឹងផែ្នកហិរញ្ញវត្ថុអោយក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការគ្រប់គ្រងផែនការហិរញ្ញវត្ថុពេញមួយជីវិតរបស់ពួកគាត់ ។ រយៈពេលជាង ១០ ឆ្នាំនៃការបង្កើតគណនីកុមារ យើងបានទទួលផ្តល់សេវាជូនអតិថិជនជាមាតាបិតារាប់រយនាក់ ដែលពួកគាត់នាំកូនដែលចម្រើនពេញវ័យគ្រប់ ១៨ឆ្នាំ មកបើកទទួលយកប្រាក់សន្សំពីគណនីកុមាររបស់ពួកគាត់ និងបានបម្លែងពីគណនីកុមារទៅជាគណនីសន្សំប្រើប្រាស់ទូទៅក្នុងនាមជានិតិជនមួយរូបប្រកបដោយភាពពេញចិត្ត ។

ធនាគារ កាណាឌីយ៉ា គឺជាដៃគូរដ៏ល្អបំផុត យូរអង្វែង និងប្រកបដោយស្ថិរភាពសំរាប់អតិថិជនគ្រប់វ័យទាំងអស់ និងបានចាក់គ្រឹះយ៉ាងរឹងមាំក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ១៩៩១ មកទល់បច្ចុប្បន្ន គឺមានរយៈពេល៣៣ឆ្នាំមកហើយ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា លោកអ្នកឧកញ៉ា ពុង ឃាវសែ។ ធនាគារ កាណាឌីយ៉ា នឹងបន្តវិវត្តខ្លួនឆ្ពោះទៅមុខឥតឈប់ឈរ ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ រួមទាំងមានសាខាទាំង ៦៨ទីតាំង កម្មវិធីទូរស័ព្ទដៃ សេវាធនាគារតាមអ៉ីនធឺណិត សម្រាប់ក្រុមហ៊ុន និងម៉ាស៊ីនស្វ័យប្រវត្តិជាង ៥០០គ្រឿងទូទាំងប្រទេស ដែលនេះជាកត្តាដែលធ្វើអោយធនាគារ កាណាឌីយ៉ា ទទួលបានទំនុកចិត្តពីអតិថិជនយ៉ាងច្រើនលើសលប់កន្លងមក និងឋិតថេរយូរអង្វែង តទៅមុខទៀត។

ថ្ងៃនេះផងដែរ ធនាគារ កាណាឌីយ៉ា បានសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រង តារាអ៉ិនសួរិន ម.ក ក្នុងការបន្ថែមនូវកញ្ចប់ធានារ៉ាប់រងជូនបុត្រធីតារបស់លោកអ្នក ពីលើការសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់ និងអត្ថប្រយោជន៍ជាច្រើន របស់គណនីកុមារ ធនាគារ កាណាឌីយ៉ា។ កញ្ចប់ធានារ៉ាប់រងនេះ ផ្តោតទៅលើគ្រោះថ្នាក់ដោយចៃដន្យ ដែលប៉ះពាល់ដល់សមត្ថភាពកាយសម្បទា ឬអាយុជីវិត ដែលមានសំណងជាទឹកប្រាក់ ៥,០០០ ដុល្លារអាមេរិក និងការធានារ៉ាប់រងរាល់ថ្លៃព្យាបាលលើគ្រោះថ្នាក់ សំណងលើជំងឺគ្រុនចាញ់ គ្រុនឈាម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ។

ក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន ម.ក គឺជាផ្នែកមួយនៃបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CANADIA INVESTMENT HOLDING PLC. ឬហៅកាត់ថា CIH។ ក្រុមហ៊ុនធានារ៉ាប់រង តារាអ៉ិនសួរិន ម.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី 25 ខែ ធ្នូ ឆ្នាំ 2018 មកម្ល៉េះ និងផ្តល់ជូននូវការធានារ៉ាប់រងជាច្រើនប្រភេទដើម្បីតម្រូវរាល់តម្រូវការរបស់អតិថិជនទៅលើការការពារគ្រប់ហានិភ័យដែលលោកអ្នកមិនអាចដឹងជាមុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង