Img 1426
Swift cc time

ថ្ងៃទី៨៖កម្លាំងចម្រុះបន្តប្រតិបត្តិការរុករក«ឧទ្ធម្ភាគចក្រ»បាត់ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាថ្ងៃទី៨ហើយនៃការបាត់ឧទ្ធម្ភាគចក្រមួយគ្រឿង ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង។ បច្ចុប្បន្ននេះ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងការរុករក ទោះបីជាមានបញ្ហាអាកាសធាតុនៅតំបន់នោះ កាន់តែលំបាក។

បើតាមក្រសួងការពារជាតិ បានបញ្ជាក់ថា ឈានចូលដល់ថ្ងៃទី៨ នៃការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ ប្រភេទ Z9 មួយគ្រឿង ដែលបានបាត់ដំណឹង នៅភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បញ្ហាអាកាសធាតុ កាន់តែផ្តល់ការលំបាកដល់កងទ័ព កងកម្លាំង ក្នុងការរុករកនេះ។

ទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែប្តេជ្ញាបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់ និង អាកាសយាននិកម្នាក់៕


Khcct banner

អត្ថបទទាក់ទង