ភ្នំពេញ៖ កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ត្រូវបានបង្កើតឡើងសម្រាប់សិស្សថ្នាក់ទី១០ និងទី១១ មកពីគ្រប់បណ្តាខេត្ត និងរាជធានីភ្នំពេញ។ កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២៤ គឺជាកម្មវិធីប្រកួតប្រជែងដែលរៀបចំឡើងក្នុងគោលបំណងជម្រុញ និងបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសហគ្រិនភាពទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីសម្រួចសមត្ថភាពប្អូនៗទៅលើការរៀបចំផែនការអាជីវកម្ម និងធ្វើឱ្យបណ្ដាញទំនាក់ទំនងកាន់តែប្រសើរឡើងរវាងតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី។
បេក្ខជនដែលដាក់ពាក្យ និងជាប់ជាស្ថាពរ នឹងទទួលបាននូវការបង្ហាត់បង្រៀន និងផ្សារភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយគ្រូបង្វឹកពោរពេញដោយបទពិសោធន៍ និងនាំយកគំនិតអាជីវកម្មទៅកាន់ភាពជោគជ័យ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានដោយស្កេន QR Code នៅក្នុងរូបភាពខាងក្រោម ឬតាមតំណភ្ជាប់លីង៖ https://forms.gle/PSBwEXKEoZ8rG5Wg6 ឱ្យបានមុនថ្ងៃ ០៦ សីហា ២០២៤។
លក្ខន្តិកៈនៃការដាក់ពាក្យគឺសិស្សត្រូវតែជាយុវជនដែលមានការតាំងចិត្តខ្ពស់ ដែលមានគំនិតចង់ធ្វើអាជីវកម្មឆ្លើយតបនឹងការដោះស្រាយបញ្ហាក្នុងសហគមន៍ ជាពិសេស អាចចូលរួមប្រកួតនៅក្នុងទីក្រុងភ្នំពេញដោយផ្ទាល់នាចុងសប្តាហ៍ ព្រមទាំងអាចចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ បាននៅចុងសប្តាហ៍។ ចំណែកឯអត្ថប្រយោជន៍នៃការចូលរួមមានដូចជា ការចេះបង្កើតផែនការអាជីវកម្ម ទទួលបានការបណ្តុះបណ្តាលដែលមានរយៈពេល៤ថ្ងៃ ដឹងពីរបៀបដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ចេះសិក្សាពីទីផ្សារ ការធ្វើបទបង្ហាញ និងភាពជាអ្នកដឹកនាំ និងអាចបង្កើតទំនាក់ទំនង។ ម្ចាស់ជ័យលាភីនឹងមានឱកាសឈ្នះទឹកប្រាក់សរុបប្រមាណ ២៤ លានរៀល និងបានចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់សហគ្រិនខ្មែរដែលធ្វើឡើងជារៀងរាល់ឆ្នាំ។
កាលបរិច្ឆេទសំខាន់ៗក្នុងកម្មវិធីប្រកួតនេះមានដូចតទៅ ០៦ កក្កដា : បើកទទួលពាក្យចូលរួម , ០៦ សីហា : បិទទទួលពាក្យចូលរួម, ១៧-១៨ សីហា : វគ្គសម្ភាសន៍ , [៣១ សីហា និង០១ កញ្ញា] & [០៧ - ០៨ កញ្ញា] : បណ្តុះបណ្តាលលេីកទី១ (តាមប្រព័ន្ធអនឡាញ), ១៤ កញ្ញា : ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ (តាមប្រព័ន្ធអនឡាញ), ១៩ កញ្ញា : ដំណេីរទស្សនកិច្ចសិក្សា (តាមក្រុមហ៊ុន), ២០-២១ កញ្ញា : បណ្តុះបណ្តាលលេីកទី២, ២២ កញ្ញា : ការប្រកួតផ្តាច់ព្រ័ត្រ៕