កំពត៖ ក្រុមយុវជនមូលនិធិនៃក្តីសង្ឃឹមរបស់កុមារកម្ពុជា គឺជាក្រុមយុវជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលចែករំលែកនូវសក្តានុពលគំនិតរួមតែមួយក្នុងការចូលរួមចំណែកការងារសង្គម។ ក្រុមយុវជននេះ កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ បានរៀបចំកម្មវិធីសប្បុរសធម៌ថ្មីមួយដែលមានឈ្មោះថា «សប្បុរសធម៌ដើម្បីកុមារកម្ពុជា» ក្នុងគោលបំណងស្វែងរកការបរិច្ចាគជាសម្ភារសិក្សាដល់សិស្សានុសិស្សខ្វះខាត នៅសាលាបឋមសិក្សាដូនស៊យ ស្ថិតនៅភូមិដូនស៊យ ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។
បើតាមយុវជន រិន សុម៉ាលីន សហស្ថាបនិកនៃគម្រោងនេះបានឲ្យដឹងថា ក្រុមយុវជនមូលនិធិនៃក្តីសង្ឃឹមរបស់កុមារកម្ពុជាបានទទួលដំណឹងអំពីសាលាមួយកន្លែងដែលត្រូវការការអភិវឌ្ឍបន្ថែមទៀតសម្រាប់ប្អូនៗដែលកំពុងសិក្សានៅសាលាដាច់ស្រយាលមួយនេះ ព្រមទាំងសម្រួលដល់លោកគ្រូ អ្នកគ្រូដែលកំពុងជួបប្រទះនៅការលំបាកផងដែរ ទើបក្រុមការងារសម្រេចចិត្តរៀបចំកម្មវិធីសប្បុរសធម៌ថ្មីមួយដែលមានឈ្មោះថា «សប្បុរសធម៌ដើម្បីកុមារកម្ពុជា» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ គោលបំណងនៃកម្មវិធីនេះគឺ ស្វែងរកការបរិច្ចាគជាសម្ភារសិក្សាដល់សិស្សានុសិស្សខ្វះខាតចំនួន ២១១នាក់ ក៏ដូចជាថវិកាសម្រាប់សាងសង់បណ្ណាល័យ បន្ទប់ទឹក ខ្លោងទ្វារ និងរបងសាលា ជូនសាលាបឋមសិក្សាដូនស៊យ។
យុវជន រិន សុម៉ាលីន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមយុវជនរបស់ខ្លួន និងយុវជនស្ម័គ្រចិត្តចំនួន ៦នាក់ផ្សេងទៀត បានទៅកាន់ទីតាំងនៅសាលាបឋមសិក្សាផ្ទាល់ ក្នុងភូមិដូនស៊យ ឃ៉ំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត ហើយបានផ្តល់ជូនជា សម្ភារសិក្សា ប៊ិច បន្ទាត់ ជ័រលុប ខ្មៅដៃ ដែកខួង សៀវភៅសរសេរ សៀវភៅអំណាន សៀវភៅអង់គ្លេស កាតាប នឹងភេសជ្ជៈដែលបានមកពីResume Coffee ជូនទៅដល់សិស្សនុសិស្សគ្រប់ចំនួន២១១នាក់ទាំងអស់គ្នា ។
គួរបញ្ជាក់ថា គោលបំណងចម្បងនៃក្រុមយុវជននេះ គឺការចូលរួមចំណែកនៅក្នុងសកម្មភាព និងការងារសង្គមដើម្បី ជួយផ្សព្វផ្សាយ និងបរិច្ចាគ រឺផ្តល់នូវឥទ្ធិពលវិជ្ជមានទៅសង្គមតាមរយៈចក្ខុវិស័យចំនួន៤ធំៗមានដូចជា ការអប់រំ បរិស្ថាន យុវជន និងជំនួយ។ ជាចុងក្រោយក្រុមយុវជនមូលនិធិនៃក្តីសង្ឃឹមរបស់កុមារកម្ពុជា បានថ្លែងអំណរគុណទៅដល់សាធារណៈជនទាំងអស់ដែលបានជួយបរិច្ចាគនូវ ថវិកាផ្ទាល់ខ្លួន នឹងសម្ភារសិក្សាជូនទៅដល់សាលាបឋមសិក្សាដូនស៊យ៕