ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវអំពាវនាវឱ្យម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណ: ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយ:ពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការរុះរើនេះធ្វើឡើងក្នុងគោលបំណងដើម្បីសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហឹង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីគ្រឿងស្រវឹង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។
បើតាមសេចក្ដីជូនដំណឹង ការរុះរើនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្ត បានសង្កេតឃើញថាមានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្ដោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាពសេចក្ដីថ្លៃថ្នូររបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណ: ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហឹង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្តស្នើសុំដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណ: ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយ:ពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕