ភ្នំពេញ៖ មនុស្សម្នាក់មានគោលដៅជីវិតរៀងៗខ្លួន។ជួនកាលមនុស្សមួយចំនួនទៀតៗ នៅតែមិនទាន់ច្បាស់ ថាគោលដៅរបស់ខ្លួនជាអ្វីឱ្យប្រាកដផងក៏មាន។ ហេតុនេះហើយ បានជានៅថ្ងៃ១៩ កុម្ភៈឆ្នាំ២០២០ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំបាឋកថាមួយ អំពី « ការកំណត់គោលដៅជីវិត និងបេសកម្មនៃជីវិត » បកស្រាយដោយលោកបណ្ឌិតវាគ្មិន រ័ត្ន ហុក ។ លោកបានចែករំលែកបទពិសោធន៍ និងផ្ដល់ជាគំនិតល្អៗរបស់គាត់ ទៅដល់គ្រប់សិស្សនិស្សិតនានា ដើម្បីទទួលបានប្រសិទ្ធិភាពនៃការកំណត់គោលដៅជីវិតរបស់សិស្សនិស្សិត។ ក្នុងបាឋកថានោះលោកបានទូន្មានដល់និស្សិតថា លោកបណ្ឌិត រ័ត្ន ហុក “ដើម្បីជោគជ័យជីវិតយើងត្រូវប្ដូរយុទ្ធសាស្រ្ត តែកុំប្តូរគោលដៅ”។
« បើចង់កំណត់គោលដៅជីវិត យើងត្រូវចាប់ផ្តើមសួរខ្លួនឯងថា " ហេតុអ្វី "។នេះជាការលើកឡើងរបស់លោកបណ្ឌិត រ័ត្ន ហុក ថ្លែងក្នុងបាឋកថាមួយ អំពី « ការកំណត់គោលដៅជីវិត និងបេសកម្មនៃជីវិត »។
លោកបណ្ឌិតបានបន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ក៏អាចជំនះបានដែរ។ កាលណាគោលដៅមួយដែលយើងបានដៅរួចហើយ យើងគួរសួរខ្លួនឯងថា ហេតុអ្វីយើងចង់បានគោលដៅនោះ? នៅពេលយើងបរាជ័យ បាក់ទឹកចិត្ត ចង់បោះបង់គោលដៅនោះ យើងក៏នៅបន្តតែសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកចាប់ផ្ដើម?ពេលនោះយើងនឹងមិនមានចិត្តបោះបង់គោលដៅរបស់យើងឡើយ ព្រោះមូលហេតុរបស់យើង គឺចង់ឱ្យគោលដៅរបស់យើងជោគជ័យ មានរូបភាពឡើង សុខចិត្តផ្លាស់ប្ដូរយុទ្ធសាស្រ្ត តែមិនព្រមបោះបង់ឡើយ។
លោកបណ្ឌិតបន្តថា៖ « យើងត្រូវដឹងថា ជីវិតរបស់យើងមានបេសកម្មដែលសំខាន់ច្រើន ក្នុងពេល ជាមួយគ្នា។ នៅពេលយើងមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើរឿងទាំងអស់នោះ ដូចេ្នះយើងត្រូវចេះបែងចែក និងផ្ដល់អទិភាពបេសកម្មទាំងឡាយណាដែលសំខាន់ និងចាប់អារម្មណ៍ជាងគេបំផុត ក្នុងជីវិតរបស់យើង។ ក្នុងនោះផងដែរ ដើម្បីទទួលបានបេសកម្មល្អមួយ យើងត្រូវតែបំពេញកិច្ចការជាក់លាក់មួយហើយសាកសមនឹង សមត្ថភាពបូករួមជាមួយឱកាសដែលផ្ដល់ឱ្យ និងការប្តេជ្ញាចិត្តរបស់យើងផងដែរ » ។
លោកបណ្ឌិត រ័ត្ន ហុក ប្រាប់ថាអ្នកគ្រប់គ្នាឱ្យគួរយកចិត្តទុកដាក់ជាមួយនឹងគោលដៅ និងសុបិន្តរបស់អ្នក ជាអ្វីដែលអ្នកព្យាយាមត្រួសត្រាយផ្លូវទៅរក និងសាបព្រោះគ្រាប់ពូជល្អៗ ដោយស្មារតីរឹងប៉ឹង រួមទាំងថែទាំយ៉ាងយកចិត្តទុកដាក់ និងស្រោចទឹកដោយស្មារតីសុទិដ្ឋិនិយមគ្រប់កាលៈទេសៈ ការអត់ធ្មត់គ្រប់គ្រាន់ឱ្យបានទៀងទាត់ និងមានដាក់ជីការពារ ដោះស្រាយនូវបញ្ហានានាដោយសន្តិវិធី ហើយអ្នកនឹងបង្កើតផ្លែផ្កាសម្រាប់ជីវិតដែលមានគោលដៅប្រកបដោយប្រសិទ្ធិភាពនៅទីបំផុត។
សូមបញ្ជាក់ថា លោកបណ្ឌិត រ័ត្ន ហុក ធ្លាប់បម្រើការជាសាធារណៈ តាំងពីឆ្នាំ ១៩៩៥ ក្រៅពីអតីតអ្នកបកប្រែឯករាជ្យ ។ លោកធ្លាប់បានសិក្សាគោលនយោបាយ និងរដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យរដ្ឋមីស៊ីស៊ីពី ប្រទេសអូស្រ្តាលី ហើយលោកក៏ធ្លាប់ជាសាស្ត្រាចារ្យជាន់ខ្ពស់ប្រធានផ្នែកភាសាអង់គ្លេស និងនាយករងវិទ្យាស្ថានភាសាបរទេស(IFL)។
បច្ចុប្បន្ន លោកបណ្ឌិត រ័ត្ន ហុក ជាអនុរដ្ឋលេខាធិការ និងជាអនុប្រធានខុទ្ទកាល័យនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕