Cctimesw1140xh150cm copy

ផ្អាក«ការចេញនេសាទ និងដឹកភ្ញៀវទេសចរ»លើសមុទ្រ ជាបណ្តោះអាសន្ន ដោយសារកត្តាអាកាសធាតុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុប្រកាសផ្អាកការចេញទូកនេសាទ និងទូកដឹកភ្ញៀវទេសចរ នៅលើផ្ទៃសមុទ្រ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដោយសារមានសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ និងកម្ពុជា ដែលនាំឱ្យភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលកសមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា មានសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលកសមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ដើម្បីធានានូវសុវត្ថិភាពខ្ពស់ ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយកត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្ដាកោះ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នក្នុងការលេងទឹកកំសាន្តតាមឆ្នេរសមុទ្រដែលមានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង