ភ្នំពេញ៖ កញ្ញា អេង សូលីណា ជាអតីតសិស្សនិទ្ទេស A មកពីខេត្តសៀមរាប បានជាប់អាហារូបករណ៍សិក្សាអនុបណ្ឌិតផ្នែកវិទ្យាសាស្រ្ត ជំនាញ Pharmaceutical and Health Sciences រយៈពេលពីរឆ្នាំនៅ សាលលវិទ្យាល័យ Thammasat ក្នុងប្រទេសថៃ។
ជាសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ កាលពីឆ្នាំ២០១៧ បាននិទ្ទេស A មកពីខេត្តសៀមរាប កញ្ញា អេង សូលីណា បានចាប់យកជំនាញឱសថសាស្រ្ត កំរិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល រយៈពេល៥ឆ្នាំ។
បើតាមកញ្ញា សូលីណា បានឱ្យដឹងថា កញ្ញាបានដាក់ពាក្យអាហារូបករណ៍ Thammasat International Student Recruitment Program ក្រោយខ្លួនបានចេញធ្វើការមួយរយៈ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ៥ ឆ្នាំនៃ ជំនាញឱសថសាស្ត្រនៅឆ្នាំ២០២២។ អត្ថប្រយោជន៍ដែលអាហារូបករណ៍បានផ្តល់ឲ្យមានដូចជា ថ្លៃសិក្សារយៈពេល ២ឆ្នាំសំរាប់ថ្នាក់អនុបណ្ឌិត និង ប្រាក់ឧបត្ថម្ភក្នុងមួយខែ ចំនួន ៨០០០ បាត។
មុននឹងដាក់ពាក្យអាហារូបករណ៍ កញ្ញាធ្វើការនៅក្នុងក្រុមហ៊ុនឱសថមួយកន្លែងក្នុងរាជធានីភ្នំពេញ ផ្នែក Operation team និងតាមឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ក្នុងតួនាទីជាឱសថការី។កញ្ញាបានលើកឡើងថា មុនពេលដែលបានដាក់អាហារូបករណ៍មួយនេះ កញ្ញាបានពិភាក្សាជាមួយនឹងមជ្ឈមណ្ឌល Study Abroad Center ដោយមជ្ឈមណ្ឌលបានជួយពិនិត្យមើលឯកសារដែលមានបានដាក់ពាក្យ ជាពិសេសរួមជាមួយនឹងតិចនិកនៃការសំភាសន៍ជាមួយសាកលវិទ្យាល័យធម្មសាធផងដែរ ដែលអនុញ្ញាតឱ្យកញ្ញាកាន់តែមានភាពក្លាហានក្នុងការដាក់អាហារូបករណ៍មួយនេះដល់វគ្គចុងក្រោយ។
បន្ថែមពីនេះ កញ្ញា បានចែករំលែកជាព័ត៌មានលម្អិតមួយចំនួន សម្រាប់សិស្សនិស្សិតដែលចង់ដាក់អាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Thammasat ថាឯកសារដែលត្រូវមានដើម្បីដាក់អាហារូបករណ៍នេះមានដូចជា ប្រវត្តិរូបសង្ខេប លិខិតឆ្លងដែន រូបថត សញ្ញាបត្រ តេស្តកំរិតភាសាអង់គ្លេស លិខិតឧទ្ទេសនាមពីសាស្រ្តាចារ្យចំនួន២ច្បាប់។ ក្រោយវគ្គដាក់ពាក្យទៅកាន់សាកលវិទ្យាល័យ សិស្សនឹងត្រូវបានទាក់ទងពីខាងសាកលវិទ្យាល័យកក្នុងការប្រលងអាស្រ័យលើជំនាញដែលសិស្សបានជ្រើសរើស។ ក្រោយមក ប្រសិនបើអ្នកត្រូវបានជ្រើសរើសទៅវគ្គបន្ត នឹងមានការសម្ភាសផ្ទាល់មាត់ ដែលតំរូវឲ្យសិស្សត្រូវណែនាំខ្លួន ប្រវត្តិការសិក្សា មូលហេតុដែលចង់បន្តការសិក្សា ការងារមនុស្សធម៌ដែលបានធ្វើ និងឱកាសការងារក្រោយបញ្ចប់ការសិក្សា។
ជាចុងក្រោយ កញ្ញា បានលើកឡើងថា ការសិក្សានៅសាកលវិទ្យាល័យសិស្សគួរយកចិត្តទុកដាក់គ្រប់ជំនាញព្រោះ វាពិតជាមានសារៈសំខាន់ណាស់សំរាប់ដាក់អាហារូបករណ៍ ដោយសារគេមើលទៅលើពិន្ទុ GPA ជាចាំបាច់ផងដែរ។ គន្លឹះដែលកញ្ញា សូលីណា ចង់ផ្តាំផ្ញើទៅដល់យុវជនដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃទាំងអស់ថា មុននឹងដាក់ពាក្យត្រូវមានឯកសារគ្រប់គ្រាន់ជាមុនសិន ព្រោះឯកសារគឺសំខាន់ បើមិនគ្រប់គ្រាន់ទៅតាមការកំណត់របស់មហាវិទ្យាល័យដែលបានកំណត់ ឯកសាររបស់យើងនឹងត្រូវគេបដិសេដ។ ម្យ៉ាងវិញទៀត ភាសាបរទេសគឺជាផ្នែកមួយដែលយើងត្រូវជំរុញបន្ថែម ព្រោះមហាវិទ្យាល័យខ្លះគេទាមទារខ្ពស់ខាងភាសា៕