ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានយុវជនជា ៤៥,០០០នាក់ បានចុះឈ្មោះចូលរៀន គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ជាមួយគ្នានោះ មានយុវជនមួយចំនួនដែលបានរៀន បានបង្ហាញពីការសប្បាយចិត្ត ព្រោះទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ បានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ។
សិក្ខាកាមមកពីគ្រួសារក្រីក្រដែលកំពុងសិក្សានៅក្នុងកម្មវិធី«បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាម ដែលកំពុងសិក្សាជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បាននិយាយថា កម្មវិធីនេះបានជួយអ្នកស្រីបានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ បន្ថែមទៀត ចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។
ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែល បានចែករំលែកស្រដៀងគ្នាថា នៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់សិស្សដែលមកពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិនមានការផ្តល់ជូនកន្លែងស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍នេះទេ។
ជាមួយគ្នានេះ កញ្ញា យ៉ែម ស្រីទូច ជាសិក្ខាកាមនៃជំនាញសំអាងកាយដែរនោះ ក៏បានសម្តែងការពេញចិត្តជាមួយកម្មវិធីសិក្សាឥតគិតថ្លៃនេះ ព្រោះថាសាលាមានគ្រូបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមាននូវឧបករណ៍អនុវត្តន៍គ្រប់គ្រាន់។ បន្ថែមពីនេះ កញ្ញា អោ ធីតា ជាសិក្ខាកាមនៃជំនាញដុតនំ បានលើកទឹកចិត្តដល់សិស្ស ដែលខ្វះលទ្ធភាពក្នុងការសិក្សានៅសាលាដែលមានការបង់ប្រាក់ ឱ្យមកសិក្សានៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ ទៅតាមជំនាញដែលវិទ្យាស្ថានមាន៕