ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ យុវជនជាង ៤៥,០០០នាក់ បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៃកម្មវិធី «បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ » របស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ពោល គឺមានរយៈពេលជាង៧ខែ នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។ ជាមួយគ្នានោះ កម្មវិធីនេះ ទទួលបានយុវជនចំនួនជាង ៤៥,០០០នាក់ ចុះឈ្មោះចូលរៀន នៅទូទាំងប្រទេស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤។
លោក កត្តា អ៊ន បានបញ្ជាក់ថា យុវជនអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តបានក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន១០ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។
ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់កម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។
សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ទ្រង់ទ្រាយធំនៅក្នុងរាជធានី ខេត្ត យ៉ាងសស្រាក់សស្រាំ ក្នុងនោះដែរក្រុមការងារក្រសួងក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាម ឃុំ សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យផងដែរ៕