Cctimesw1140xh150cm copy

គិតត្រឹមឆមាសទី១ឆ្នាំ២០២៤ សមាជិក ប.ស.ស. កើនឡើងដល់ជាង ២,២លាននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក កត្តា អ៊ន អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងចំនួន ២ ២២៩ ៥២២នាក់។ នេះបើតាមការបញ្ជាក់របស់លោក កត្តា អ៊ន អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ កក្កដា នេះ។

តាមប្រសាសន៍លោក កត្តា អ៊ន បានបញ្ជាក់ថា ចំនួនសមាជិក ប.ស.ស. បានកើនឡើងគួរឲ្យកត់សំគាល់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ដែលបង្ហាញថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ លោក កត្តា អ៊ន បានគូសបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ សមាជិកសរុបដែលបានចុះឈ្មោះក្នុងបញ្ជិកាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សរុបចំនួនជាង ២,២ លាននាក់។

សមាជិក ប.ស.ស. ដែលមានចំនួនសរុបនជាង ២,២ លាននាក់ ក្នុងនោះមាន កម្មករនិយោជិតចំនួនជាង ១, ៥៦ លាននាក់ មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួនជាង ៤៣ ម៉ឺននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ១៧ ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៥,៦ ម៉ឺន។

ដោយឡែក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិការោងចក្រ សហគ្រាសជាកាតព្វកិច្ចសរុប ចំនួន ២១ ២៨៨ មានកម្មករនិយោជិតសកម្មចំនួនជាង ១,៥៦ លាននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្តបានចំនួនជិត ៥ ពាននាក់។ ក្នុងឆមាសទី១ ឆ្នាំ២០២៤ សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន បានចុះបញ្ជិកាសមាជិកថ្មី ដែលមានរោងចក្រ សហគ្រាសជាកាតព្វកិច្ច ចំនួន ៣ ០១៣ មានកម្មករនិយោជិតចំនួនជិត ១៣ម៉ឺននាក់ និងបានចុះបញ្ជិកាកម្មករនិយោជិតដោយស្ម័គ្រចិត្ត បានចំនួន ៩៤១នាក់។

ចំណែក ប.ស.ស. ផ្នែកហានិភ័យការងារ មានសមាជិកសរុបចំនួនជាង ១,៨ លាននាក់ ក្នុងនោះកម្មករនិយោជិតចំនួនជាង ១,៥៦ លាននាក់ មន្រ្តីរាជការសាធារណៈជាង ២៤,៦ ម៉ឺននាក់ និងបានអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជាង ១៣,៦ ម៉ឺននាក់ផងដែរ។

សូមជម្រាបថា ចាប់តាំងពីសម្តេច ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង