Cctimesw1140xh150cm copy

ក្រសួងធម្មការឱ្យ«វត្តអារាម»ទូទាំងប្រទេសរៀបចំវាយគង,ជួង,រគាំង,ទូងស្គរថ្ងៃបើកការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៨ កក្កដា ចេញណែនាំដល់មន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និង គោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសក្រសួងធម្មការ និង សាសនា បានឲ្យដឹងថានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលា ម៉ោង ៩:០៩នាទីព្រឹក ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណន តេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រសួងសូមធ្វើ ការណែនាំ៖១. ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាម ទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នា។ ២.ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរ ឱ្យបានឱឡារិកអធិកអធម។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ បានស្នើទៅរាជរដ្ឋាភិបាលថា នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចអំពាវនាវឲ្យគ្រប់វត្តអារាម ទូងស្គរ និង បាញ់កាំជ្រួយ នៅទីដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ត សម្រេចការអនុវត្តនូវគម្រោងនេះ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ គម្រោងនេះ គឺជីកលើព្រែកកម្ពុជាដែលសល់ពីជំនាន់ដើមខ្លះ និង បង្កើតថ្មី ដែលនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បាន កាត់បន្ថយការចំណាយដល់ វិស័យដឹកជញ្ជូន បង្កើនការវិនិយោគ អចលនទ្រព្យ ទេសចរណ៍ បរិស្ថានបៃតង ជាពិសេសសម្រួលដល់វិស័យកសិកម្មកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង