ភ្នំពេញ៖ បារាំងនៅតែជាដៃគូរពាណិជ្ជកម្ម និងវិនិយោគធំជាងគេនៅកម្ពុជា ក្នុងចំណោមប្រទេសអ៊ឺរ៉ុប។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង ២០៦.៤១ លានដុល្លារអាម៉រិក ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ថ្លែងក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នៅក្នុងកិច្ចសហការសេដ្ឋកិច្ច បារាំងនៅតែជាដៃគូរពាណិជ្ជកម្ម និងវិនិយោគធំជាងគេនៅកម្ពុជា ក្នុងចំណោមប្រទេសអ៊ឺរ៉ុប។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំង បានកើនឡើងជាលំដាប់ ដែលទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង ២០៦.៤១លានដុល្លារអាម៉រិក ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ដថា ក្រុមហ៊ុនបារាំងជាច្រើន ចាប់ពីសហគ្រាសពហុជាតិ (MNE) រហូតដល់សហគ្រាសធនតូច និងមធ្យម (SME) បានបង្កើតមូលដ្ឋាននៅកម្ពុជា បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច។
សូមជម្រាបថា វេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន។ ក្នុងឱកាសនេះដែរក៏បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល៕