ភ្នំពេញ៖ ក្រុមការងារ Green Book Project នឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សាពីរ ថ្ងៃទី ២១ កក្កដា ២០២៤ គឺ បឋមសិក្សាកោះគ្របបាយ និងបឋមសិក្សាកំពង់គោក្រោម ស្ថិតនៅខេត្តកំពង់ធំ ដើម្បីបរិច្ចាគសៀវភៅចាស់ៗ ឬថ្មី និងសម្ភារៈសិក្សា ដែលសប្បុរសជនបានបរិច្ចាគ។
បើតាមគេហទំព័រហ្វេសប៊ុករបស់ក្រុមការងារ Green Book Project បានឱ្យដឹងថា ក្រុមការងារ Green Book Project នឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សាពីរ ថ្ងៃទី ២១ កក្កដា ២០២៤ គឺ បឋមសិក្សាកោះគ្របបាយ និងបឋមសិក្សាកំពង់គោក្រោម ស្ថិតនៅខេត្តកំពង់ធំ ដើម្បីបរិច្ចាគសៀវភៅចាស់ៗ ឬថ្មី និងសម្ភារៈសិក្សា ដែលសប្បុរសជនបានបរិច្ចាគ។
ប្រសិនបើសប្បុរសជនមានចំណាប់អារម្មណ៍ចង់បរិច្ចាគជាសៀវភៅ ឬ ថវិកាផ្សេងៗអាចទាក់ទងទៅកាន់ក្រុមការងារ Green Book Project តាមរយៈលេខទូរស័ព្ទ 081 419 643 ឬ 016 896 292។
នេះជាលើកទី៣ហើយដែលក្រុមការងារបានធ្វើការកៀរគរសៀវភៅដើម្បីបរិច្ចាគទៅកាន់សាលារៀន និងកុមារដែលនៅតំបន់ដាច់ស្រយាល។ កាលពីឆ្នាំ២០២៣ ក្រុមការងារបាន ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដោយបានចុះទៅចូលរួមឧបត្ថម្ភក្នុងការបង្កើតបណ្ណាល័យមួយនៅបឋមសិក្សាទន្លេសរ ក្នុងភូមិទន្លេសរ ឃុំនគរភាស ស្រុកអង្គជុំ ខេត្តសៀមរាប។
ចំណែកឯឆ្នាំនេះ ក្រុមការងារបានរៀបចំគម្រោងធ្វើដំណើរទៅកាន់សាលាបឋមសិក្សាចំនួន ០២ នៅក្នុងខេត្តកំពង់ធំ គឺសាលាបឋមសិក្សាកំពង់គោក្រោម និង សាលាបឋមសិក្សាកោះគ្របបាយ ដែលស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមជាមួយគម្រោង Bag 2 School by JCI Phnom Penh ដើម្បីចូលរួមបង្កើតបណ្ណាល័យនៅទីនោះ។
ក្រុមការងារ Green Book Project មានបេសកកម្មក្នុងការប្រមូលសៀវភៅ និងថវិកាដែលសប្បុរសជនបរិច្ចាគ ដើម្បីជូនទៅកាន់សិស្សានុសិស្សដែលនៅតំបន់ដាច់ស្រយាលអាចមានឱកាសទទួលបានសៀវភៅអាន ឬ សរសេរ ក្នុងការជម្រុញកុមារឱ្យបន្តការសិក្សា។ បើគិតតាំងពីពេលបង្កើតគម្រោងនេះកន្លងមកកាលពីឆ្នាំ២០២២ យុវជននៃគម្រោង Green Book បានបរិច្ចាគសៀវភៅប្រមាណ ៣៥០០ ក្បាល ទៅកាន់សិស្សប្រមាណ ១០០០ នាក់។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានបង្កើតឡើងដោយយុវជនមួយក្រុមដែលសិក្សាក្នុងជំនាញស្ទែម ដោយពួកគេជឿជាក់ថា ការរៀបចំគម្រោងបរិច្ចាគសៀវភៅនេះនឹងអាចធ្វើឱ្យកុមារអាចមានកម្លាំងចិត្តក្នុងការបន្តសិក្សា ព្រមទាំងបានស្គាល់ពីជំនាញស្ទែមតាមរយៈការចុះទៅផ្ទាល់នៃយុវជនក្រុមនេះផងដែរ៕