Cctimesw1140xh150cm copy

យុវទូតនិស្សិតផារ៉ាហ្គនមួយក្រុម រៀបចំសិក្ខាសាលា« ជំនាញខ្ញុំ» ជាលើកទី២នៅខេត្តសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ថ្មីៗនេះបានប្រកាសពីការធ្វើសិក្ខាសាលា«ជំនាញខ្ញុំ (Meet Me, Meet My Major)» ជាលើកទី២ ដែលជាសិក្ខាសាលាផ្តួចផ្តើមដោយនិស្សិតក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាកលវិទ្យាល័យ ដល់សិស្សវិទ្យាល័យមុនឈានចូលបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ សិក្ខាសិលានេះ គ្រោងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យចំនួន ៣ ក្នុងខេត្តសៀមរាប។

បើតាម យុវទូតនិស្សិតផារ៉ាហ្គន បានឱ្យដឹងថា សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» មានគោលបំណងផ្តល់ការយល់ដឹងដល់សិស្សានុសិស្សដែលជិតនឹងបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ពីមុខជំនាញសាកលវិទ្យាល័យឱ្យបានច្បាស់ និងឱកាសអាហារូបករណ៍នៅកម្រិតបរិញ្ញាបត្រ។ ដោយមើលឃើញ ពីអត្ថប្រយោជន៍នៃការស្វែងយល់អំពីមុខជំនាញសិក្សាឱ្យបានស៊ីជម្រៅ សិក្ខាសាលានេះ ប្រព្រឹត្តឡើងដោយមានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផងដែរ។ តាមរយៈការជួបជជែកដោយផ្ទាល់ សិស្សានុសិស្សវិទ្យាល័យដែលបានចូលរួម នឹងទទួលបានចំណេះដឹងចម្រុះពីជំនាញសិក្សានៅថ្នាក់បរិញ្ញាបត្រ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីជំនាញសិក្សាសម្រាប់អនាគតរបស់ពួកគេ។

សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» នេះ នឹងធ្វើឡើងនៅវិទ្យាល័យចំនួន ៣ ក្នុងខេត្តសៀមរាប រួមមានវិទ្យាល័យហ៊ុនសែនសៀមរាប វិទ្យាល័យហ៊ុនសែនវត្តស្វាយ និងវិទ្យាល័យអង្គរ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ធានាថាសិស្សវិទ្យាល័យដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នា អាចមានឱកាសចូលរួម និងទទួលបានចំណេះដឹង និងព័ត៌មានពីជំនាញសិក្សា និងឱកាសអាហារូបករណ៍នៅថ្នាក់បរិញ្ញាបត្រ។ លើសពីនេះដែរ សិក្ខាសាលានេះ ក៏មានគោលបំណងផ្តល់មូលដ្ឋានគ្រឹះដល់សិស្សវិទ្យាល័យ ស្វែងយល់ពីមុខជំនាញដែលពួកគេចង់សិក្សានៅកម្រិតឧត្តមសិក្សា និងចៀសវាងការសម្រេចចិត្តខុស។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សិស្សានុសិស្សដែលចូលរួមនឹងអាចទទួលបានការយល់ដឹងយ៉ាងម៉ត់ចត់អំពីភាពខុសគ្នារវាងមុខជំនាញសិក្សានីមួយៗ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើវិស័យសិក្សាជាក់លាក់ដែលពួកគេចាប់អារម្មណ៍។ សិស្សដែលបានចូលរួមគម្រោងក៏នឹងមានឱកាសទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដែលបង្ហាញដោយ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និង IDP Education(Cambodia)។ សិក្ខាសាលានេះ អាចបន្តធ្វើឡើងក្នុងឆ្នាំទី២ ដោយមានការគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយ IDP Education (Cambodia) និង Indomie Cambodia។ លើសពីនេះ ធនាគារ Phillip ក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកឧបត្ថម្ភ រួមជាមួយនឹងអ្នកឧបត្ថម្ភផ្សេងទៀតជាច្រើន និងដៃគូប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ផងដែរថា ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងម៉ុតមាំថានឹងអាចចូលរួមចំណែកជាវិជ្ជមានដល់ប្អូនៗសិស្សានុសិស្សកម្រិតវិទ្យាល័យលើដំណើរនៃការអប់រំរបស់ពួកគេនាពេលអនាគតតាមរយៈការរៀបចំកម្មវិធីមួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង