ព្រះវិហារ៖ ជីកំប៉ុសធម្មជាតិជិត៣០តោន ត្រូវផលិតឡើងបានយ៉ាងជោគជ័យពីសំណាក់កសិករសមាជិកស្រូវត្រយងក្នុងខេត្ដព្រះវិហារ។ នេះគឺជាឆ្នាំទី២ហើយ ដែលកសិករសមាជិកស្រូវត្រយងមកពីភូមិចំនួន៣ នៃខេត្តព្រះវិហារ បានបន្ដធ្វើការផលិតជីកប៉ុសធម្មជាតិ តាមរយៈការផ្ដល់ជំនួយដល់អង្គការសន្សំម្លប់ព្រៃ ពីមូលនិធិ Critical Ecosystem Partnership Fund (CEPF)។
គោលបំណងធំក្នុងការគាំទ្រកសិករសមាជិកផលិតជីកំប៉ុសនេះ គឺដើម្បីឲ្យ សមាជិកអាចបង្កើនចំណេះដឹង និងមានជំនាញក្នុងផលិតជីកំប៉ុសធម្មជាតិ ហើយសមាជិកក៏អាចមានជីធម្មជាតិប្រើប្រាស់សម្រាប់រដូវកាលដាំដុះថ្មី និងជួយកាត់បន្ថយការចំណាយទៅលើការទិញជីសរីរាង្គពីប្រភពខាងក្រៅ។
ជាមួយគ្នានេះដែរ ការប្រើប្រាស់ជីធម្មជាតិអាចអោយស្រូវរបស់សមាជិកមានគុណភាពល្អ ទិន្នផលកើនឡើង និងមានតម្លៃខ្ពស់លើទីផ្សារ ដែលជាការរួមចំណែកលើកស្ទួយនូវជីវភាពគ្រួសាររបស់កសិករជាសមាជិកស្រូវត្រយងផងដែរ។ ម្យ៉ាងទៀតគឺ ដើម្បីកសិករជាសមាជិកជៀសឆ្ងាយពីការប្រើប្រាស់ជីគីមី ដែលខុសពីគោលការណ៍នៃការអភិរក្ស និងបទដ្ឋានសរីរាង្គ។
សម្រាប់ជីកំប៉ុសធម្មជាតិនេះត្រូវចំណាយពេលប្រមាណ ៣ខែក្នុងការផលិត និងពិនិត្យមើលទៅតាមបច្ចេកទេស ចំពោះផលិតផលសម្រេចត្រូវបានចែកជូនទៅដល់កសិករជាសមាជិកស្រូវត្រយងចំនួន ២០ គ្រួសារ ដែលមកពី ភូមិដងផ្លិត ភូមិត្មាតប៉ើយ និង ភូមិព្រៃវែងស្ថិតនៅក្នុងស្រុកឆែប ស្រុកជាំក្សាន្ដ និងស្រុកគូលែន សម្រាប់ប្រើប្រាស់លើដំណាំស្រូវ និងដាក់នៅក្នុងដំណាំបន្ទាប់បន្សំផ្សេងៗ។
គួរបញ្ចាក់ផងដែរថាកាលពីឆ្នាំ២០២៣ កសិករសមាជិកស្រូវត្រយងក៏ធ្លាប់បានផលិតជីកំប៉ុសបានជាង ២១តោនផងដែរ ហើយការផលិតជីកំប៉ុសទាំងនេះគឺសមស្របតាមស្ដង់ដាបច្ចេកទេស ។ សម្រាប់ពេលទៅមុខទៀតកសិករជាសមាជិកស្រូវត្រយងនឹងមានលិទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតជីកំប៉ុសធម្មជាតិបានលើសនេះ៕