ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៣ មិថុនានេះ អំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយបន្តរួមគ្នាការពារ«ប្រជាជន សាសនា និងព្រះមហាក្សត្រ»។សម្រាប់លោក ការប្រមាថ«ព្រះមហាក្សត្រ»ប្រៀបបានប្រមាថប្រជាជននិងប្រទេសជាតិទាំងមូល។ការអំពាវនាវរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីយុវជនខ្មែរមួយចំនួនចូលរួមសកម្មភាពជាមួយជនបរទេសខាងក្រៅក្រោមរូបភាពបរិស្ថានត្រូវបានតុលាការកម្ពុជាកាត់ទោសពីបទ ប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
ក្នុងនាមជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា រាល់ការប្រមាថ ព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន និង ប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិន អាចទទួលយកបាន។
បើតាមលោក ហ៊ុន ម៉ានី ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគត ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាការពារ និងសូមចងចាំថាសកម្មភាពចំបងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និង រួមគ្នាការពារនោះគឺ ជាតិ ដែលមានប្រជាជាតិ និង ប្រជាជន សាសនា និងព្រះមហាក្សត្រ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និង រួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។ក្នុងនោះមានយុវជនខ្មែរចំនួន៤នាក់ លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា ត្រូវបានចាប់ខ្លួនភ្លាមៗនៅខាងក្រៅតុលាការ ក្រោយពីប្រកាសសាលក្រម។ជនជាប់ចោទបីនាក់ រួមមាន លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិ, យឹម លាងហ៊ី និង ស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និង ពិន័យជាប្រាក់១០លានរៀលពីបទប្រមាថព្រះមហាក្សត្រ និង រួមគំនិតក្បត់។ជនទាំងនេះគេរកឃើញថា ទទួលបានលុយពីក្រៅប្រទេស ដើម្បីធ្វើសកម្មភាពតាមរយៈតុបតែងខ្លួន ក្រោមលេសការពារបរិស្ថាន៕