វៀតណាម៖ ប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមារបស់កម្មករវៀតណាមត្រូវបានកើនឡើង ៦% ឬរហូតដល់ ២៨០,០០០ ដុង (១១ ដុល្លារ) ចាប់ពីថ្ងៃច័ន្ទខែកក្កដានេះ។ ក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា ប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែ និងម៉ោងរបស់កម្មករនិយោជិត នឹងត្រូវបានដំឡើង ៦% តាមសំណើរបស់ក្រសួងការងារនៃប្រទេសវៀតណាម។ ការកើនឡើងនេះត្រូវបានគេចាត់ទុកថាមានតុល្យភាពរវាងផលប្រយោជន៍របស់កម្មករ និងអាជីវកម្ម និងធានាបាននូវកម្រិតជីវភាពអប្បបរមានៅឆ្នាំ ២០២៥។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមការដំឡើងនេះអាស្រ័យលើតំបន់ផ្សេងៗគ្នា ប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមានឹងកើនឡើងរហូតដល់ ៤.៩៦ លានដុង ដោយប្រាក់ឈ្នួលម៉ោងអប្បបរមានឹងកើនឡើងរហូតដល់ ២៣.៨០០ ដុង។
នេះជាលើកទីពីរហើយក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដែលប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងនៅដើមខែកក្កដា ដែលជាលើកចុងក្រោយគឺនៅឆ្នាំ ២០២២ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។ ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ចាប់ពីដើមខែនេះ ប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់កម្មកររដ្ឋក៏នឹងកើនឡើង ៣០% ផងដែរ ពី ១.៨ លានដុង ទៅ ២.៣៤ លានដុងក្នុងមួយខែ ដោយប្រាក់សោធននិវត្តន៍នឹងកើនឡើង ១៥%៕