Cctimesw1140xh150cm copy

«រុយស»កំពុងបំផ្លាញដំណាំស្រូវរបស់ពលរដ្ឋនៅខេត្តចំនួន៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ បន្ទាប់ពីបានជោគជ័យលើការបង្រ្កាបដង្កូវហ្វូងរួចមក បច្ចុប្បន្នក៏មានសត្វរុយស ដែលកំពុងស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅតាមបណ្ដាខេត្តចំនួន៣ នៅព្រំដែនកម្ពុជា-វៀតណាម។ នេះបើតាមកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម បច្ចុប្បន្ននេះកម្ពុជាបានលេចចេញនូវវត្តមានសត្វរុយស ដែលកំពុងរាតត្បាតលើដំណាំស្រូវរបស់ប្រជាកសិករ នៅខេត្តចំនួន៣ នៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលនេះស្ថិតនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ ទោះបីជាយ៉ាង ក្រសួងក៏បានចុះទៅណែនាំដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេបានដឹង និងចាត់វិធានការបង្ក្រាបរុយសនេះ។

ជាមួយគ្នានោះ កាលពីថ្ងៃទី១ កក្កដា ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការបំផ្លាញរបស់រុយសនេះភ្លាម ក្រសួងបានបញ្ជាឱ្យអង្គភាពជំនាញចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទូទៅនៃការបំផ្លាញដំណាំស្រូវនៅឃុំល្វា និងឃុំបន្ទាយចក្រី នៃស្រុកព្រះស្តេច ខេត្តព្រៃវែង។ តាមរយៈការចុះពិនិត្យស្រែឃើញថា ការបំផ្លាញមានសភាពធ្ងន់ធ្ងរ និងរាលដាលកាន់តែខ្លាំងនៅតាមឃុំផ្សេងៗ ទៀត។

សូមជម្រាបថា រុយស ជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាបំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឱ្យស្លឹកប្រែពណ៌លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។ ប្រសិនបើរុយសច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល ពិសេសដំណាក់កាលចេញកួរ ចេញផ្កា នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង