
កំពង់ចាម៖ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ និងត្រីជាច្រើនប្រភេទទៀត ត្រូវបានលែងចូលបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទិវាមច្ឆជាតិ ១ កក្កដានេះ។
ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ និងត្រីជាច្រើនប្រភេទទៀត ត្រូវបានលែងចូលទៅក្នុងបឹងនេះ។
.jpg?1719806979)
បឹងធំ មានទំហំ ១ ៥០៧ហិកតា នៅរដូវប្រាំង និង ១ ៩២៤ហិកតា នៅរដូវវស្សា ដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ការធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់នូវប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ជាពិសេស សហគមន៍នេសាទទាំង៤ (សហគមន៍វិហារធំ សហគមន៍សាមគ្គីឃុំមៀន សហគមន៍បឹងក្បាលក្រពើ និងសហគមន៍រកាគយ) ដែលមានប្រជានេសាទចំនួន ១ ៧៦៥នាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងប្រារព្ធ ទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕
.jpg?1719806991)

.jpg?1719807006)
.jpg?1719807019)
