ឥណ្ឌា៖ មនុស្សម្នាក់បានស្លាប់ និង ៦ នាក់បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំដំបូលអាកាសយានដ្ឋាន Indira Gandhi នៃព្រលានយន្តហោះក្រុងដេលី ប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃសុក្រនេះ ដែលនាំឱ្យមានការផ្អាកជើងហោះហើរជាបណ្ដោះអាសន្ន។
លោក K Rammohan Naidu រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលឥណ្ឌា បាននិយាយថា លោកកំពុងតាមដានចំពោះស្ថានភាពដែលបានកើតឡើង ហើយអ្នករបួសទាំង ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Medanta ក្បែរព្រលានយន្តហោះ។ ក្រុមអ្នកជួយសង្គ្រោះ កំពុងខិតខំប្រឹងប្រែងបោសសម្ពាតបំណែកដែលបានដួលរលំ ដើម្បីជួយសង្គ្រោះអ្នកដែលនៅជាប់គាំងក្នុងឧប្បត្តិហេតុនេះ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៥ព្រឹក ក្នុងស្ថានីយ Terminal-1 នៃអាកាសយាន្តដ្ឋាន Indira Gandhi ដែលមានជើងហោះហើរជាង៦០០ ត្រូវបានផ្អាកជាបណ្ដោះអាសន្នភ្លាមៗ។
ក្នុងហេតុការណ៍បាក់រលំដំបូលនេះ ក៏បានធ្វើឲ្យខូចខាតរថយន្តចំនួន ៤គ្រឿង ដែលចតនៅក្នុងអាកាសយាន្តដ្ឋាន។ មន្ត្រីព្រលានយន្តហោះ បានបញ្ជាក់ថា ស្ថានីយ Terminal-1 នេះ ជាច្រកសម្រាប់ការហោះហើរនៅក្នុងស្រុកដ៏សំខាន់ ហើយត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ការផ្អាកការចេញដំណើរនៅស្ថានីយ ក៏បាននាំទៅដល់ការលុបចោលជើងហោះហើរមួយចំនួនផងដែរ៕