សៀមរាប៖ ហាងកាហ្វេបែបជនបទមួយ បានលេចរូបរាងនៅជាយក្រុង នៃក្រុងសៀមរាប ខេត្តសៀមរាប។ មិនមែនត្រឹមតែហាងកាហ្វេធម្មតា តែនៅទីនេះប្លង់ថតរូបស្អាតៗគ្រប់រដូវ សាធារណជនដែលមិនទាន់បានទៅនាពេលនេះ កុំបារម្ភរឿងអស់ប្លង់ថតរូប ព្រោះហាងកាហ្វេហ្វឺន នឹងមានអ្វីថ្មីរហូតសម្រាប់អតិថិជន ហើយម្ចាស់ហាងក៏គ្រោងនឹងរៀបចំឱ្យមានកម្មវិធីណែនាំពីរបៀបនៃការរៀបចំសួន និងលំហែទាំរុក្ខជាតិ ព្រមទាំងកាដាំបន្លែលើទឹក ថែមទៀតផង។ ហាងកាហ្វេនេះត្រូវបានបង្កើតឡើងដោយយុវជនមួយរូប ដែលមានឈ្មោះថា ឌួង វណ្ណារដ្ឋ។ លោក ឌួង វណ្ណារដ្ឋ បានចំណាយពេលមួយឆ្នាំ ក្នុងការការរៀបចំសួន ការថែទាំ និងការសាងសង់ផ្សេងៗ ដោយខ្លួនឯងផ្ទាល់ ដើម្បីឱ្យហាងកាហ្វេហ្វឺន (Fern Cafe) លេចចេញជារូបរាង។
លោក ឌួង វណ្ណារដ្ឋ ជាម្ចាស់ហាងកាហ្វេហ្វឺន (Fern Cafe Siem Reap) បានប្រាប់ស៊ីស៊ីថាមស៍ថា ការរៀបចំហាងបែបជនបទបែបនេះ ពីព្រោះ មកពីមានទីតាំងនៅក្នុងភូមិស្រាប់ ដែលមិនមែនស្ថិតនៅក្នុងទីប្រជុំជន រឺទីក្រុងនោះទេ។ ម្យ៉ាងទៀត លោកចង់ឱ្យអ្នកដែលបានពិសាកាហ្វេ រៀនស្រលាញ់ពីបរិស្ថាននៅជុំវិញខ្លួន។ ជាពិសេស មិនចាំបាច់ទៅណាឆ្ងាយនោះទេ គ្រាប់តែជាភូមិឋានរបស់យើង ក៏អាចបង្កើនភាពស្រស់ស្រាយអោយយើងបានដែរ និងសូមឱ្យគ្រប់គ្នារៀនបង្កើតនូវអ្វីដែលជារូបភាពក្នុងក្តីស្រមៃខ្លួន មិនថាតូច រឺធំ វាកើតឡើងអាស្រ័យលើការបង្កើតឡើងរបស់យើង និងយកបេះដូងមកធ្វើ។
ម្ចាស់ហាងកាហ្វេរូបនេះបានបន្ដថា លោកទទួលបានការបំផុសគំនិត ក្នុងការរៀបចំហាងនេះ មកពីគ្រប់ទីកន្លែង ដែលលោកបានទៅដល់ ដូចជា សួន Garden By the Bay Singapore, ទៀបកាហ្វេ នៅប្រទេសវៀតណាម, ថៃ និងគំនិតផ្សេងៗទៀតពីបណ្តាញសង្គម និង Pinterest ។ ជាពិសេសនោះ ហាងកាហ្វេមួយនេះ ជាហាងកាហ្វេដែលកែឆ្នៃដោយម្ចាស់ហាងសុទ្ធសាធ និងមិនប្រើប្រាស់កម្លាំងពលកម្មពីខាងក្រៅមកទេ ទាំងការរៀបចំសួន ការសាងសង់ និងការថែទាំ គឺធ្វើដោយម្ចាស់ហាងទាំងអស់ ដែលលោកបានចំណាយពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ និងប្រើប្រាស់ចំណេះដឹង ជំនាញ និងធនធានដែលខ្លួនមាន យកមករៀបចំចេញជាហាងកាហ្វេមួយនេះ។ ដូច្នេះ លោកអាចនិយាយបានថា គ្មាននរណាអាចធ្វើដូចឡើយ នោះគឺការប្រើប្រាស់ភាពអត់ធ្មត់ដើម្បីបង្កើតក្ដីស្រមៃ ពីបេះដូងពិតៗ មកសាងសង់ជាហាងដ៏ស្រស់ស្អាតមួយនេះឡើង។
លោក ឌួង វណ្ណារដ្ឋ បានឱ្យដឹងទៀតថា ការបើកហងកាហ្វេនេះ លោកមានបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាថវិកានៃការសាងសង់ ពីព្រោះលោកបង្កើតហាងកាហ្វេនេះទៅតាមធនធានដែលមាន មានតិចធ្វើតាមតិច សន្សឹមៗ។ ម្យ៉ាងទៀត ការលូតលាស់របស់រុក្ខជាតិនៅក្នុងហាង ក៏ត្រូវការពេលវេលាលូតលាស់ដូចគ្នា។ ដូច្នេះហើយទើបបានជាលោកចំណាយពេលរហូតដល់មួយឆ្នាំក្នុងកាសាងសង់ហាងមួយនេះ និងចំណាយថវិកាប្រមាណជិតមួយម៉ឺនដុល្លារអាម៉េរិក។ លើសពីនេះទៀតនោះ របស់ខ្លះលោកបានបង្កើតថ្មី ប៉ុន្ដែលោកត្រូវការពេលវេលាឱ្យវាក្លាយជារបស់ចាស់ ដើម្បីឱ្យត្រូវគ្នាជាមួយគំនិតនៃការបើកហាងបែបជនបទនេះ។
សូមជម្រាបថា Fern Cafe Siem Reap មានទីតាំងស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និងបានបើកដំណើរការកាលពីថ្ងៃទី២៣ មិថុនា ថ្មីៗនេះ។ ហាងកាហ្វេហ្វឺន មានភេសជ្ជៈរហូតដល់ ៥៤មុខ ប្លែកពីគ្នា។ ក្នុងនោះក៏មានរសជាតិថ្មីដែលបង្កើតឡើងដោយខ្លួនឯង រួមមាន កាហ្វេពងមាន់ កាហ្វេខ្ទិះដូង ត្រប៉ែក្រឡុក និងតែស្រស់ស្រាយ។ មិនមែនមានត្រឹមតែភេសជ្ជៈ ហាងកាហ្វេហ្វឺន ក៏នឹងមានបម្រើនូវអាហារពេលល្ងាច ក្នុងពេលឆាប់ៗនេះ និងមានកម្មវិធីណែនាំពីរបៀបនៃការរៀបចំសួន និងលំហែទាំរុក្ខជាតិ ព្រមទាំងកាដាំបន្លែលើទឹក ផងដែរ។ ក្រៅពីនេះ ហាងកាហ្វេនេះ ក៏មានចំប្លង់ថតរូបស្អាតៗគ្រប់រដូវ សាធារណជនដែលមិនទាន់បានទៅនាពេលនេះ កុំបារម្ភរឿងអស់ប្លង់ថតរូប ព្រោះហាងកាហ្វេហ្វឺន នឹងមានអ្វីថ្មីរហូតសម្រាប់អតិថិជន៕