ភ្នំពេញ៖ ក្រុមអាជីវករជាច្រើននាក់ បានតវ៉ាជំរុញឱ្យម្ចាស់គម្រោងសាងសង់ផ្សារ TCC ចូលខ្លួនមកដោះស្រាយ ក្រោយម្ចាស់គម្រោងដែលជាជនជាតិចិនបោះបង់គម្រោងចោលមិនដំណើរការសាងសង់អស់ជាច្រើនឆ្នាំបំពានកិច្ចសន្យា។ការតវ៉ានេះ បានដល់ដៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង បានប្តេជ្ញាស្រាវជ្រាវដោះស្រាយលើករណីខាងលើនេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC មានទីតាំងនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ វិនិយោគដោយក្រុមហ៊ុនចិនឈ្មោះថា យុនណាន សេងម៉ៅ អ៊ិនវ៉េសម៉ិន។ក្រុមហ៊ុននេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីកាលពីចុងឆ្នាំ២០១៦ ដើម្បីជួលដីទំហំ ៩.៣ ហិកតា ពីកំពង់ផែស្វយ័តភ្នំពេញ នៅក្បែរស្ពានដែកបាឡេ ខណ្ឌឬស្សីកែវ ដើម្បីសាងសង់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ។
ក្នុងគម្រោងមាន សណ្ឋាគារលំដាប់ផ្កាយ ខុនដូ និង អគារការិយាល័យលំដាប់ខ្ពស់ រោងកុនអន្តរជាតិជាដើម។ ក្រុមហ៊ុននឹងសាងសង់ជាមជ្ឈមណ្ឌលទេសចរណ៍ និង កម្សាន្តអន្តរជាតិ និងមជ្ឈមណ្ឌលពាណិជ្ជកម្មបោះដុំដ៏ធំបំផុតរបស់កម្ពុជា។ជាមួយគ្នានោះ ក្រុមហ៊ុនបានឃោសនាថា មានវិថីអាហារ ពិភពទឹកកក និងព្រិល ពិភពក្រោមទឹក សួនកម្សាន្តជាដើម ដែលធ្វើឱ្យកន្លែងនេះជាកន្លែងកម្សាន្ត និង ជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋដែលជាអាជីវករ បានរាយការណ៍ថា ពួកគាត់ទាំងអស់បានទិញតូបនៅក្នុងគម្រោង ក្នុងឆ្នាំ ២០១៨។ នៅពេលនោះ ក្រុមហ៊ុនបានសន្យាថានឹងប្រគល់ហាង នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ។ប៉ុន្តែរហូតមកដល់ពេលនេះ តូបនានាមិនទាន់បានសាងសង់រួចរាល់ទាន់ពេលទេ ខណៈថៅកែជនជាតិចិនដែលជាម្ចាស់គម្រោងនេះ តែងតែបដិសេធមិនចេញមុខដោះស្រាយ។
បើតាមអាជីវករ ក្រុមហ៊ុនប្រាប់ថា ក្នុងគម្រោងគ្រោងសាងសង់តូប ៤០០០ ដោយតម្លៃហាងនីមួយៗមានចាប់ពី៦០០០ដុល្លារទៅជាង១០ម៉ឺនដុល្លារ។បន្ទាប់ពីប្រមូលលុយពីម្ចាស់អាជីវករបានរាប់លានដុល្លារមកក្រុមហ៊ុនមិនបានធ្វើការសាងសង់គម្រោងតាមកិច្ចសន្យានោះទេ។ដូច្នេះហើយបានជាក្រុមអាជីវក ស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី។
ភ្លាមៗឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោះហៅអាជីវករ និង ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយ។សម្រាប់ក្រសួង បានប្ដេជ្ញាដោះស្រាយ ករណីវិវាទមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ TCC បន្ទាប់ពីយល់ច្បាស់ពីស្ថានភាពបញ្ហា ទាំងមូល និង សំណូមពររបស់អាជីវករ ជាជំហានបន្ទាប់ក្រសួងនឹងជួបជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីស្វែងយល់បន្ថែម អំពីស្ថានភាពរបស់ក្រុមហ៊ុន ហើយបន្ទាប់មកនឹងអញ្ជើញភាគីទាំងពីរចរចានិង ដោះស្រាយ៕