ភ្នំពេញ៖ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបកប្រែជាភាសាចិនជាលើកដំបូង និងបានបោះពុម្ភផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ សៀវភៅក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលបានបកប្រែជាភាសាចិននេះ រួមបញ្ជូលនូវក្រមព្រហ្មទណ្ឌដែលត្រូវបានប្រកាសឱ្យប្រើកាលពីឆ្នាំ២០០៩ និងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលត្រូវបានប្រកាសកាលពីឆ្នាំ២០១៨។ សៀវភៅបកប្រែជាភាសាចិននៃក្រមព្រហ្មទណ្ឌនេះមាន ៦គន្ថី និង ៦៧៣ មាត្រា ។
ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌បានវាយតម្លៃខ្ពស់ចំពោះការបកប្រែក្រមព្រហ្មទណ្ឌកម្ពុជាទៅជាភាសាចិន ហើយក៏បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកបកប្រែ បន្តបកប្រែក្រមនីតិវិធីព្រហ្មទណ្ឌ ឬក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាទៅជាភាសាចិនផងដែរ។
អ្នកបកប្រែសៀវភៅក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានេះបានចំណាយពេលជាច្រើនខែដើម្បីធ្វើការស្រាវជ្រាវនិងបកប្រែសៀវភៅមួយក្បាលដ៏មានតំលៃនេះ។
សូមបញ្ជាក់ផងដែរថា អ្នកបកប្រែគឺជាអតីតអ្នកកាសែត នៃសារព័ត៌មានភាសាចិនម្នាក់គឺលោក ង៉ូ សាឡុង ហើយបច្ចុប្បន្នលោកគឺជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នៃក្រសួងយុត្តិធម៍នៃព្រះរាជាណាចក្រកម្ពុជា៕