681 ezgif.com resize
Swift cc time

ខេត្តកំពង់ធំរងគ្រោះជំនន់ទឹកភ្លៀង ប៉ះពាល់ដំណាំស្រូវជាង ២ពាន់ហិកតា និងខូចខាតជាង ៨០០ហិកតា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កំពង់ធំ៖ ខេត្តកំពង់ធំរងគ្រោះជំនន់ទឹកភ្លៀង បណ្តាលឲ្យផ្ទៃដី ២ ២១០ ហិកតា ទទួលរងផលប៉ះពាល់ដំណាំស្រូវ ដែលស្មើនឹង ២ ០៨២ គ្រួសារ និងមានផ្ទៃដីខូចខាតលើដំណាំស្រូវចំនួន ៨១៣ ហិកតា។ នេះបើតាមការពិនិត្យនិងវាយតម្លៃក្នុងស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ របស់មន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមមន្រ្តីជំនាញ ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវសរុប ២ ២១០ ហិកតា ស្មើនឹង ២ ០៨២ គ្រួសារ ក្នុងនោះមាន ស្រុកប្រាសាទសំបូរ ប៉ះពាល់ចំនួន ៤៨៧ ហិកតា, ស្រុកកំពង់ស្វាយ ប៉ះពាល់ចំនួន ១ ១៦៦ ហិកតា, ស្រុកសណ្តាន់ ប៉ះពាល់ចំនួន ២២៩ ហិកតា, ស្រុកស្ទោង ប៉ះពាល់ចំនួន ១៤៦ ហិកតា និងស្រុកសន្ទុក ប៉ះពាល់ចំនួន ១៨២ ហិកតា។

បើតាមលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម គិតត្រឹមម្សិលមិញនេះ មានខេត្តចំនួន៥ ដែលកំពុងទទួលរងផលប៉ះពាល់គ្រោះជំនន់ទឹកភ្លៀង រួមមាន៖ ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដោយមានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួន ៩២៧ ហិកតា ក្នុងខេត្តកំពង់ធំនេះចំនួន ៨១៣ ហិកតា និងខេត្តបន្ទាយមានជ័យចំនួន ១១៤ ហិកតា។

ជាលទ្ធផល ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដើមរដូវវស្សានេះ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើនធ្វើក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងខែមេសា។ រដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ជាពិសេសភ្លៀងបានចាប់តាំងពីខែមេសា ទឹកបឹងកើនឡើងលឿន បណ្តាលឲ្យលិចលង់ស្រូវដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំ ត្រៀមនឹងប្រមូលផល ប៉ុន្តែការលិចលង់មានរយៈពេលយូរថ្ងៃពេក បណ្តាលឲ្យមានការខូចខាតច្រើន៕


Khcct banner

អត្ថបទទាក់ទង