Smart saver cctime web bannertif

សៀវភៅ«ម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ទទួលបាន«ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

លីសស្បោន៖ សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ បានទទួល ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ (Special Award of the Jury)ពី Gourmand Awards លើកទី៣០ នៅក្នុងកម្មវិធី Cascais World Food Summit ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងលីសស្បោន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។

សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» បានចងក្រងមុខម្ហូប និងបង្អែមខ្មែរ ចំនួន ៣៨មុខ ដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅ។ សៀវភៅនេះក៏បានរំលេច ផលិតផលកសិកម្ម និងទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជារួមមាន អង្ករផ្ការំដួល ម្រេចកំពត អំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ជាដើម។

សៀវភៅនេះ ដែលរៀបចំ និងចងក្រងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការ ដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តផ្សព្វផ្សាយ និងលើកកម្ពស់កេរដំណែលសិល្បៈ ម្ហូបខ្មែរដែលជាផ្នែកមួយនៃយុទ្ធនាការការទូតអាហារ ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់កម្ពុជា។

សៀវភៅម្ហូបនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន -សៀវភៅម្ហូបអាស៊ីល្អដាច់គេ ឆ្នាំ២០២១ និង ឆ្នាំ២០២២ «សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយ ថ្នាក់ដឹកនាំនៃរដ្ឋ» ឆ្នាំ២០២២ និង «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង