Smart saver cctime web bannertif

ក្រុមហ៊ុនកែច្នៃ«ស្បែកគោ»មួយកន្លែងនៅខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែច្នៃស្បែកគោ ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញបានបំពុលបរិស្ថាន បង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនិងច្បាប់របស់កម្ពុជា។

យោងតាមការចុះពិនិត្យផ្ទាល់របស់មន្ត្រីក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា បានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ ពិនិត្យឃើញមានសំណល់រាវ(សំណល់រាវចាស់)ដក់នៅក្រោយស្រះស្ដុក សំណល់រាវរបស់ក្រុមហ៊ុន មានក្លិនស្អុយ និងជាតិប្រេងខ្លាញ់អណ្ដែតជាច្រើននិងធ្វើឱ្យដើមឈើមួយចំនួនងាប់។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញ បានយកសំណាកសំណល់រាវ ពីទីតាំងនោះធ្វើតេស្ត COD=137.4mg/L (ស្តង់ដារ 60mg/L) បន្ដពិនិត្យឃើញមានបំពង់ទុយោចំនួនពីរ ដែលក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុន បង្ហូរចូលដីស្រែជាប់នឹងក្រុមហ៊ុន និងឃើញមានទឹកដក់ពណ៌ខ្មៅ និងមានក្លិនស្អុយ ដោយបានយកសំណាកទឹកចំនួន ១សំណាកធ្វើតេស្ដ និងរកឃើញCODលើសកម្រិតម៉ាស៊ីនតេស្ដបឋម >10000mg/L។

ជាមួយគ្នា មន្ត្រីជំនាញបានធ្វើតេស្ដគុណភាពទឹកស្ទឹងព្រៃរមៀតបឋម រកឃើញកំហាប់សារធាតុ COD=52.52mg/L(អនុឡោមតាមស្តង់ដារ)។ ដោយឡែកក្នុងទីតាំងក្រុមហ៊ុន រកឃើញថាក្រុមហ៊ុនពុំមានអាងប្រព្រឹត្តិកម្មសម្រាប់សម្អាតសំណល់រាវនោះទេ ដោយបានបង្ហូរសំណល់រាវចូលស្រះស្ដុកចំនួន៣ ដែលជាប្រភេទស្រះដីធម្មតា រួចបូមបង្ហូរបង្ហៀរដីទំនាបពាសវាលពាសកាល(មានស្លាកស្នាមទឹកហូរ)។ ម្យ៉ាងទៀត ក្រុមហ៊ុនធ្លាប់មានកិច្ចសន្យាពីមន្ទីរបរិស្ថាន (ឆ្នាំ២០២២) ប៉ុន្ដែពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះ ក្រុមហ៊ុនឱ្យអនុវត្តវិធានការច្បាប់ ដោយឲ្យបញ្ឈប់ការបង្ហូរសំណល់រាវ ចូលទៅដីវាល និងប្រភពទឹក។ ក្រុមហ៊ុន ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ និងអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។ ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាន។ ក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវស្ដុកសំណល់រាវនៅក្នុងស្រះស្ដុកនិងធ្វើការបង្ហាប់ទំនប់ព័ទ្ធជុំវិញឱ្យរឹងមាំចៀសវាងការលេចធ្លាយសំណល់រាវចូលទីសាធារណៈ។

ក្រសួងបរិស្ថាន ឲ្យរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងស្នើសុំលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ផ្សេងទៀត និងធ្វើការស្ដារទឹកសំណល់ ដែលដក់ជុំវិញនោះមកដាក់ក្នុងស្រះស្ដុក ដើម្បីសម្អាតឡើទ្បើងវិញ។ ហើយរៀបចំកន្លែងស្ដុកសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវនិងត្រូវសហការជាមួយ ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំរាម សំណល់រឹងចេញពីទីតាំងក្រុមហ៊ុន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង