
ភ្នំពេញ៖ សមត្ថកិច្ច នាថ្ងៃទី១៧ មិថុនា បានចាប់ខ្លួនជនបរទេស សញ្ជាតិអង់គ្លេសម្នាក់ ករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន តាមផ្លូវអាកាស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះ ចាប់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើនឡើងគួរឱ្យគត់សម្គាល់ តាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ៕
