ភ្នំពេញ៖ យុវជន កោ សុគាន់ មានស្រុកកំណើតនៅ ភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ យុវជនរូបនេះ កើតក្នុងត្រកូលគ្រួសារអ្នកក្រីក្រមួយក្នុងខេត្តកំពង់ចាម ដោយមានម្តាយជាស្ត្រីមេម៉ាយ។ បច្ចុប្បន្នសុគាន់ បានសម្រេចបំណងរបស់ខ្លួនដោយក្លាយជាគ្រូវិទ្យាល័យ បើទោះបីកន្លងមករូបគេត្រូវបានគេប្រមាថថា ជាកូនដែលម្ដាយរត់ចោល ឬម្ដាយមានប្រុសក៏ដោយ។
មានអាយុ ២៥ឆ្នាំ យុវជន កោ សុគាន់ រស់នៅក្នុងគ្រួសារដែលមានស្ត្រីមេម៉ាយ រហូតដល់ទៅបីរូប គឺលោកយាយចំណាស់ពីររូប និងម្ដាយជាស្រ្ដីមេម៉ាយដែលបានលែងលះគ្នា នៅពេលលោកមានអាយុពីរឆ្នាំ។ យុវជនវ័យ២៥ឆ្នាំរូបនេះ បានបន្តទៀតថា «ពួកគាត់បានចែកផ្លូវគ្នាតាំងពីពេលខ្ញុំមានអាយុពីរឆ្នាំ ចាប់ពីពេលនោះមក ម្ដាយខ្ញុំបានមកភ្នំពេញធ្វើការរោងចក្រនៅឆ្នាំ១៩៩៨។ »
នៅវ័យកុមារភាព ក្នុងនាមជាមនុស្សប្រុសស្ថិតក្នុងគ្រួសារដែលគ្មានមនុស្សប្រុសជាគោលជំហរ សុគាន់ជាមួយប្អូនពីរនាក់ប្រឹងប្រែងរស់នៅដោយគ្មានឪពុក និងម្ដាយនៅមើលថែក្បែរខ្លួន គឺរស់នៅជាមួយយាយពីរនាក់ប្រកបរបរធ្វើស្រែ និងលក់នំ ដើម្បីផ្គត់ផ្គង់ជីវភាពរាល់ថ្ងៃ។
សុគាន់ប្រាប់ទៀតថា« ខ្ញុំមានឪពុកម្ដាយពិតមែន តែមិនខុសពីកូនកំព្រាប៉ុន្មានឡើយ ដោយម្ដាយធ្វើការរោងចក្រនៅភ្នំពេញ និងឪពុកលែងលះគ្នា គ្មាននឹកនាកូនសោះឡើយ។ ការមើលងាយ ប្រមាថពីអ្នកជិតខាង ជាពិសេសមិត្តភក្តិ និងមិត្តរួមថ្នាក់រៀនថា ខ្ញុំជាកូនដែលម្ដាយរត់ចោល ឬម្ដាយមានប្រុសនៅភ្នំពេញជាដើម ដែលជំនាន់៩០ជាង គឺគ្មានអ្នកណាធ្វើចំណាកស្រុកដូចសព្វថ្ងៃនោះទេ។ »
សុគាន់ចាប់ផ្តើមចូលរៀនបឋមសិក្សាដំបូងនៅឆ្នាំ២០០០ ហើយចប់វិទ្យាល័យនៅឆ្នាំ២០១៣។ កាលនោះ លោករៀននៅវិទ្យាល័យ ហ៊ុន សែន ផ្ដៅជុំដែលមានចម្ងាយប្រហែលប្រាំគីឡូម៉ែត្រពីផ្ទះ។ ដោយសារការជម្នះភាពលំបាក គួបផ្សំជាមួយនឹងការខិតខំរៀនសូត្រផង សុគាន់បានប្រឡងជាប់សញ្ញាបត្រមធ្យមទុតិយភូមិនៅឆ្នាំ២០១៣ ហើយបន្ទាប់មក សុគាន់ក៏សម្រេចចិត្តជ្រើសរើសជំនាញអក្សរសាស្រ្ដខ្មែរ ជាមុខជំនាញដែលខ្លួនស្រឡាញ់តាំងពីតូចមកម៉េ្លះ។
អំឡុងពេលទៅបន្តការសិក្សានៅភ្នំពេញ សុគាន់បានទៅស្នាក់នៅវត្តអស់រយៈពេលប្រាំឆ្នាំរហូតដល់សព្វថ្ងៃក៏ស្នាក់នៅបណ្ដោះអាសន្នដែរ។ វត្តនោះឈ្មោះថា វត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែក ទីតាំងនៅរាជធានីភ្នំពេញ។ មូលហេតុដែលលោកសម្រេចចិត្តនៅវត្តគឺបណ្ដាលពីកត្តាជីវភាពខ្វះខាត ម្ដាយជាស្រ្តីមេម៉ាយធ្វើការរោងចក្ររកកម្រៃបង់ថ្លៃសាលាឱ្យកូនពីរនាក់បងប្អូនរៀនស្ទើរតែមិនគ្រប់ហើយនៅចិញ្ចឹមយាយពីររូបទៀតផង។
អនុស្សាវរីយ៍ដែលលោកចងចាំពេលស្នាក់នៅវត្ត គឺចេញពីសាលាមក(សា.ភូមិន្ទភ្នំពេញ)ជិះកង់ឲ្យទាន់ម៉ោងបាយក្រោយព្រះសង្ឃឆាន់ពេលព្រឹករួច បើមិនទាន់ទេគឺអត់អីហូប ព្រោះថាសម្លមួយចានហូបច្រើនគ្នា បើអ្នកណាមកយឺតជាងគេគឺអត់នោះឯង និងក្រៅពីនោះ សុគាន់បានធ្វើការងារវត្តបន្តិចបន្តួចដូចជាក្រោកដាំបាយព្រឹកប្រគេនព្រះសង្ឃជាដើម។
ចំពោះសុគាន់ផ្ទាល់យល់ថា ការសិក្សាមិនមែនជាការដាំដុះឃើញផ្លែផ្លាលឿនពេកនោះទេ។ ការសិក្សាធ្វើឲ្យយើងមានចំណេះជំនាញទាក់ទងនឹងមុខវិជ្ជាដែលយើងរៀន។ លទ្ធផលដែលយើងបានខិតខំគឺយើងមិនអាចចេះបានកម្រិតណាទេ តែវាជាបទពិសោធន៍មួយនៃការសិក្សាក្នុងមហាវិទ្យាល័យ។
សុគាន់បន្ត « តាមទស្សនៈខ្ញុំ ការសិក្សាគឺមួយជីវិតមនុស្សមិនអាចខ្វះបាន។ ការសិក្សាមិនមែនសំដៅលើការចាប់សៀវភៅទើបហៅថាការសិក្សានោះទេ ពោលគឺជាការក្រេបជញ្ជក់នូវរស់ជាតិជីវិតគឺជាការសិក្សា។ ប៉ុន្ដែចំពោះការសិក្សានៅសាលាគឺជាការអប់រំដែលមនុស្សយើងមិនអាចខ្វះបាន ដើម្បីវឌ្ឃនភាពចំពោះខ្លួនឯង គ្រួសារ និងសង្គម។ »
បច្ចុប្បន្នយុវជនមកពីគ្រួសារកសិកររូបនេះ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៅឆ្នាំ២០១៧ ហើយសព្វថ្ងៃនេះជាគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យមួយក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយក៏ជាអ្នកនិពន្ធមួយរូបផងដែរ។
ជាចុងក្រោយលោក កោ សុគាន់ មានពាក្យផ្តាំផ្ញើដល់យុវជនទាំងអស់ថា “តស៊ូប្ដូរផ្ដាច់ពុះពារ ញញឹមសង្ឃឹមជឿជាក់ជោគជ័យ” ព្រោះថា ជីវិតគឺជាការតស៊ូ ទោះយើងក្រលំបាកប៉ុនណាក៏ដោយក៏ត្រូវតែតស៊ូដែរសូម្បីតែមួយវិនាទីចុងក្រោយនៃជីវិត។ បើជួបឧបសគ្គ យើងត្រូវចាត់ទុកជាការកម្សាន្ត។»