សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៤ ខែមិថុនា បានប្រទះឃើញបំណែកវត្ថុបុរាណចំនួន ៥បំណែក ជាប្រភេទថ្មភក់ នៅក្នុងបរិវេណប្រាសាទតានៃ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ។
បំណែកវត្ថុបុរាណទាំងនោះ មានដូចជា ដងខ្លួនលោកកេស្វរះ ព្រះកេសទេពប្រុសបែកថ្ពាល់ក្រោមខាងឆ្វេង ពន្លួញជាប់ប្រអប់ជើងទេព ពន្លួញជាប់ប្រអប់ជើងទេ និងព្រះយមបញ្ឈរជង្គង់ខាងស្ដាំ(ដាច់ដៃស្ដាំ ដាច់ក្បាលត្រឹមក ដាច់ជង្គង់បញ្ឈរ)ជាដើម។
បំណែកវត្ថុបុរាណទាំងនេះ ត្រូវបានលោកស្រី នេត សុីមន មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រគល់អោយទៅលោក តូម៉ូដាម៉ាស្សាឈីកុតូ ជនជាតិជប៉ុន តួនាទីជាប្រធានការដ្ឋានកំណាយស្រាវជ្រាវ និងជួសជុលយកទៅរក្សាទុកនៅឃ្លាំងប្រាសាទតានៃបណ្ដោះអាសន្ន៕