ភ្នំពេញ៖ លោក លី ចាន់ណារិទ្ធ បានចំណាយពេលជិត ៦ឆ្នាំ ក្នុងការសរសេរសៀវភៅមួយដែលមានចំណងជើងថា «I DO CARE» ។ លោក លី ចាន់ណារិទ្ធ បានចាប់ផ្ដើមសរសេរសៀវភៅនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលលោកបានជួបនិយាយជាមួយម្ដាយធម៌របស់លោកអំពីកិច្ចការងារផ្សេងៗ រហូតនិយាយដល់ការនិយមអាន និងសរសេរសៀវភៅរបស់ជនជាតិអាម៉េរិក។ ដោយមានឧបសគ្គមួយចំនួន ក៏ដូចជាការរីករាលដាលនៃវីរុសកូវីដ១៩ ទើបធ្វើឱ្យការសរសេរសៀវភៅ I DO CARE មិនងាយបញ្ចប់។ រហូតដល់ឆ្នាំ២០២៤ ទើបសៀវភៅ I DO CARE បានបោះពុម្ពផ្សាយ និងចេញលក់ជាផ្លូវការ។
លោក លី ចាន់ណារិទ្ធ បានប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ថា នៅក្នុងឆ្នាំ២០១៦ លោកបានចូលរួមកម្មវិធីដ៏ធំមួយរបស់លោក John C. Maxwell នៅសហរដ្ឋអាម៉េរិក។ នៅទីនោះ លោកបានស្គាល់មិត្តភក្ដិជាជនជាតិបរទេសជាច្រើន ហើយអ្វីដែលលោកចាប់អារម្មណ៍ គឺពួកគេចូលចិត្តអានសៀវភៅ ហើយពួកគេក៏ចូលចិត្តសរសេរសៀវភៅដែរ។ ដូច្នេះហើយទើបធ្វើឱ្យលោកមានគំនិតសរសេរសៀវភៅដែរ។
រហូតដល់ឆ្នាំ ២០១៨ លោកបានណាត់ម្ដាយធម៌ម្នាក់ជាជនជាតិអាម៉េរិក ដើម្បីពិសាអាហារពេលព្រឹក និងបាននិយាយអំពីកិច្ចការងារផ្សេងៗ រហូតឈានដល់ការនិយាយអំពីការនិយមអាន និងសរសេរសៀវភៅរបស់ជនជាតិអាម៉េរិក។ ហើយលោកក៏បានប្រាប់ម្ដាយធម៌របស់លោកថា លោកក៏ចង់សរសេរសៀវភៅដែរ។ នៅពេលនោះម្ដាយធម៌របស់លោក ក៏បានប្រាប់ឱ្យលោកយកក្រដាស និងប៊ិច ហើយចាប់ផ្ដើមសរសេរភ្លាមៗ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ជាពេលដែលលោកចាប់ផ្ដើមសរសេរសៀវភៅ I DO CARE ។
ជាធម្មតាការសរសេរសៀវភៅនិមួយៗមិនងាយស្រួលនោះទេ ជាពិសេសការចាប់ផ្ដើមនូវការសរសេរសៀវភៅជាលើកដំបូង។ អ្នកនិពន្ធរូបនេះ បានបន្ដថា ការចាប់ផ្ដើមដំបូងពិតជាពិបាកមែន ដោយសារតែគិតភ្លាម រួចក៏ចាប់ផ្ដើមសរសេរតែម្ដង។ ប៉ុន្ដែនៅពេលដែលលោកបានចាប់ផ្ដើមសរសេរបានមួយរយៈពេល ដោយមានការណែនាំពីមិត្តភក្ដិបរទេស និងការមានបទពិសោធនៃអានសៀវភៅជាច្រើនកន្លងមក លោកក៏យល់ឃើញថាការសរសេរ ជាសកម្មភាពមួយដែលកាន់តែសរសេរ គឺកាន់តែមានអ្វីចង់បង្ហាញទៅអ្នកអាន។
លោក លី ចាន់ណារិទ្ធ បានបន្ដទៀតថា ឧបសគ្គមួយទៀតនោះគឺ ស្របពេលនៃការរីករាលដាលនៃវីរុសកូវីដ ១៩ ពិព្រោះអាជីពរបស់លោកមិនមែនជានិពន្ធសៀវភៅនោះទេ។ លោកមានការងារផ្សេងទៀតដែលជា Shareholder និងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនអប់រំ។ មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ក្នុងអំឡុងពេលកូវីដ១៩នោះ។ ដោយសាររវល់នៅពេលថ្ងៃ ទើបនៅពេលយប់លោកចង់យកពេលវេលានោះមកសម្រាក ដែលធ្វើឱ្យលោកមានពេលវេលាតិចណាស់ក្នុងការសរសេរ នាពេលនោះ។
លោក លី ចាន់ណារិទ្ធ បានបន្ថែមថា បន្ទាប់ពីការរីករាលដាលនៃវីរុសកូវីដ ១៩ បានធូរស្បើយ ទើបលោកមានពេលវេលាច្រើនក្នុងការសរសេរសៀវភៅ។ ក្នុងរយៈពេលជិត៦ឆ្នាំនេះ ពេលវេលាដែលលោកដាក់ចិត្ត និងមានពេលវេលាច្រើនក្នុងការសរសេរសៀវភៅ I DO CARE នេះ គឺនៅឆ្នាំទីមួយនៃការចាប់ផ្ដើមសរសេរ និងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលលោកបានដាក់ការប្ដេជ្ញាចិត្តធ្វើយ៉ាងណាឱ្យសៀវភៅនេះបានបញ្ចប់ ហើយសៀវភៅ I DO CARE ក៏បានបោះពុម្ពផ្សាយ និងចេញលក់ជាផ្លូវការ នៅក្នុងឆ្នាំ២០២៤នេះ។
សូមជម្រាបថា សៀវភៅ I DO CARE គឺជាស្នាដៃនិពន្ធដំបូងរបស់លោក លី ចាន់ណារិទ្ធ ដែលជាជនជាតិខ្មែរដំបូងគេ បានក្លាយជាសមាជិកក្រុម Maxwell Leadership Certified Team ។ សៀវភៅ I DO CARE ជាប្រភេទសៀវភៅសម្រាប់យុវជនដែលត្រៀមចេញបម្រើការងារ បុគ្គលិកដែលកំពុងបម្រើការងារ និងអ្នកដែលត្រៀមខ្លួនធ្វើជាប្រធានផ្នែក ឬទើបនឹងចាប់ផ្តើមដឹកនាំគេ៕