ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តជួយគ្នាទៅវិញទៅមកក្នុងការដណ្ដើមឯករាជ្យពីរបបអាណានិគម នៃប្រវត្តិសាស្រ្តប្រទេសទាំងពីរត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ។
ថ្លែងក្នុងពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ សម្តេច បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសឲ្យឈានដល់ការបង្រួបបង្រួមជាតិ និង អភិវឌ្ឍ។ ដូចគ្នាដែរ ចំពោះថ្នាក់ដឹកនាំ នឹងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជានៅក្នុងបុព្វហេតុរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ការករសាងអភិវឌ្ឍប្រទេសផងដែរ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី នេះ គឺជាសច្ចភាពនៃប្រវត្តិសាស្រ្តដែលប្រជាជននៅក្នុងប្រទេសទាំងពីរត្រូវយល់ឲ្យច្បាស់ ដើម្បីចៀសវាងការយល់ច្រឡំ តាមរយៈការបកស្រាយណាមួយដែលមិនមានមូលដ្ឋានប្រវត្តិសាស្ត្រជាក់ស្ដែង។
ប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែតនេះ ធ្វើឡើងក្រោយពីមានមតិខ្លះយល់ថា ប្រទេសវៀតណាម មានគុណច្រើន ចំពោះកម្ពុជា ដោយសារវៀតណាមជួយវាយរំដោះកម្ពុជាចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត។ប៉ុន្តែវៀតណាមក៏ជំពាក់គុណកម្ពុជាវិញផងដែរ ដែលថ្នាក់ដឹកនាំកម្ពុជាជួយវៀតណាមបង្រួបបង្រួមវៀតណាមឡើងវិញ និង វៃរំដោះប្រទេសវៀតណាម ដើម្បីទទួលបានឯករាជ្យកាលពីទសវត្សឆ្នាំ១៩៧០៕