វ៉ាស៊ីនតោន៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) មានការព្រួយបារម្ភអំពីការគាំទ្រ ដែលរុស្ស៊ីអាចផ្តល់កម្មវិធីផលិតមីស៊ីល និងនុយក្លេអ៊ែរទៅដល់កូរ៉េខាងជើង ក្តីព្រួយបារម្ភរបស់ណាតូនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសកូរ៉េខាងជើងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែមានរយៈពេល ២ ថ្ងៃមុនបន្តដំណើរទៅកាន់ប្រទេសវៀតណាម។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមëរិក លោក Antony Blinken ថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងត្រូវបានជំរុញដោយចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលទង្វើនេះកំពុងតែរុញច្រានស្ថានការណ៍ក្នុងពិភពលោកកាន់តែមានភាពគ្រោះថ្នាក់កាន់តែខ្លាំងឡើយ។
លោក Stoltenberg បានបញ្ជាក់ទៀតថាពិតណាស់យើងក៏មានការព្រួយបារម្ភផងដែរអំពីការគាំទ្រដ៏ខ្លាំងក្លា ដែលរុស្ស៊ីអាចនឹងផ្តល់ដល់កូរ៉េខាងជើងនូវកម្មវិធីផលិតនុយក្លេអ៊ែរ ព្រមទាំងមីស៊ីលឆ្លងទ្វីបដែលជាការព្រួយបារម្ភថ្មីមួយទៀតដល់ពិភពលោក។
ក្នុងជំនួយជាមួយគីមជុងអ៊ុន ពូទីនបានប្តេជ្ញាថានឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង និងគាំទ្រកូរ៉េខាងជើងក្នុងការប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកធ្វើឡើងចំពេលមានការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកថា កូរ៉េខាងជើងបានផ្គត់ផ្គង់ "មីស៊ីលផ្លោងរាប់សិបគ្រាប់ និងគ្រាប់មីនជាង ១១,០០០ កុងតឺន័រដល់ប្រទេសរុស្ស៊ី" សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងជាមួយប្រទេសអ៊ុយក្រែន។
កាលពីសប្តាហ៍មុន អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Kurt Campbell បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះអ្វីដែលរុស្ស៊ីនឹងផ្តល់ឱ្យកូរ៉េខាងជើងជាថ្នូរនឹងអាវុធដែលទីក្រុងព្យុងយ៉ាងបានផ្តល់ទៅកាន់រុស្ស៊ីក្នុងកំឡុងទស្សនកិច្ចគីមជុងអ៊ុនទៅរុស្ស៊ីកាលពីឆ្នាំមុន៕